You are currently viewing សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំ ២០២៦៖ រយៈពេល ២ ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង ១៦ ម៉ឺននាក់ មកកម្សាន្តយ៉ាងសប្បាយរីករាយ និងសុវត្ថិភាព

សង្ក្រាន្តត្បូងឃ្មុំ ឆ្នាំ ២០២៦៖ រយៈពេល ២ ថ្ងៃ ទទួលបានភ្ញៀវទេសចរជាង ១៦ ម៉ឺននាក់ មកកម្សាន្តយ៉ាងសប្បាយរីករាយ និងសុវត្ថិភាព

( ត្បូងឃ្មុំ ): ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ខេត្តត្បូងឃ្មុំ ក្នុងឆ្នាំនេះ បានទាក់ទាញភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋយ៉ាងកុះករចំនួន ១៦០.២៤១ នាក់ បានមកកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា និងទីតាំងសង្ក្រាន្តទូទាំងខេត្តត្បូងឃ្មុំ គិតត្រឹមថ្ងៃទី ១៥ ខែមេសា ឆ្នាំ ២០២៦ នេះបើបើតាមការឲ្យដឹងពីមន្ទីរទេសចរណ៍ខេត្ត ។


លោក អឿន រឹទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ បានឲ្យដឹងជាបឋមថា ខេត្តត្បូងឃ្មុំមានភ្ញៀវមកកម្សាន្តសរុប ១៦០.២៤១ នាក់ បើធៀបនឹងឆ្នាំកន្លងទៅ ឆ្នាំនេះមានភ្ញៀវកើនឡើង ១,១១% ដោយមានប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ១៦០.១៨០ នាក់ ក្នុងនោះមានភ្ញៀវអន្តរជាតិ ៦១ នាក់ ។


លោក អឿន រឹទ្ធ បន្តថា ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តបានរៀបចំកម្មវិធីយ៉ាងសម្បូរបែប រួមមាន ការលេងល្បែងប្រជាប្រិយខ្មែរ ទាញព្រ័ត្រ លាក់កន្សែង វាយក្អម ការតាំងពិព័រណ៍ផលិតផលភូមិមួយផលិតផលមួយ និងការប្រគុំតន្ត្រីសម័យអមដោយការតុបតែងភ្លើងលម្អនាពេលរាត្រីយ៉ាងស្រស់ស្អាតបំផុត ។


លោកប្រធានមន្ទីរទេសចរណ៍ខេត្តបញ្ជាក់ទៀតថា ការយកចិត្តទុកដាក់ខ្ពស់លើសេវាកម្ម និងបរិស្ថាន មន្ត្រីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត បានចុះពង្រឹងគុណភាពសេវាកម្ម និងតាមដានតម្លៃម្ហូបអាហារ និងការស្នាក់នៅ ដើម្បីធានាបានថាអាជីវករមិនតម្លើងថ្លៃហួសហេតុ។ ទន្ទឹមនឹងនោះ យុទ្ធនាការ “ទេសចរណ៍ដើម្បីទាំងអស់គ្នា” ក៏ត្រូវបានជំរុញយ៉ាងសកម្ម តាមរយៈការដាក់ធុងសំរាមបន្ថែម និងការណែនាំឱ្យភ្ញៀវទេសចរចូលរួមថែរក្សាអនាម័យ បរិស្ថានយ៉ាងខ្ជាប់ខ្ជួន ។


លោក អឿន រឹទ្ធ បន្ថែមថា ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តត្បូងឃ្មុំ មានសភាពល្អប្រសើរ បងប្អូនប្រជាពលរដ្ឋកំពុងចូលរួមលេងកម្សាន្តដោយស្នាមញញឹម និងក្តីសប្បាយរីករាយក្រៃលែង ៕