( ត្បូងឃ្មុំ ): ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ដ្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសួរសុខទុក្ខ ពីសំណាក់សម្ដេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មកចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក៏ដូចជាប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើងនេះ ។

ឯកឧត្តមបណ្ឌិតពាំនាំប្រសាសន៍ផ្ដាំផ្ញើរបែបនេះ កាលពីរសៀលថ្ងៃទី ១៣ ខែមេសា ឆ្នាំ ២០២៦ នៅរម្យណីយ៍ដ្ឋានទន្លេស្ងួត ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ក្នុងពិធីដែលឯកឧត្តមបណ្ឌិតអញ្ជើញបើកមហាសង្ក្រាន្តអូរាំងឳចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ មមី អដ្ឋស័ក ព.ស ២៥៦៩ គ.ស ២០២៦ ។

ឈ្លៀតនាឱកាស់នោះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងណែនាំឲ្យក្រុមការងារបន្តគាំទ្រ ការអភិវឌ្ឍមូលដ្ឋាន សំដៅឆ្លើយតបគោលនយោបាយ របស់រាជរដ្ឋាភិបាល ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបន្តពង្រឹងការងារបម្រើប្រជាពលរដ្ឋ បង្កើនសេដ្ឋកិច្ចប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឱ្យបានល្អប្រសើរថែមទៀត ជាពិសេសក្នុងពិធីកំសាន្តបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិយើងនេះ ។

ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបន្តថា ពិធីបើកសង្ក្រាន្តអូរាំងឳនេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្នុងស្រុកអូរាំងឳ និងខេត្តត្បូងឃ្មុំទាំងមូល ជាពិសេសយុវវ័យ បាននាំគ្នាចូលរួមសប្បាយយ៉ាងកកកុញនៅបរិវេននៃទីតាំងទន្លេស្ងួត ដែលនេះគឺជាជោគជ័យមួយទៀត បន្ទាប់ពីឆ្នាំ ២០២៥ កន្លងមក ដែលស្រុកអូរាំងឳយើងបានរៀបចំព្រឹត្តការណ៍សង្ក្រាន្តធំៗបែបនេះកន្លងមកដែរ ។

ពេលចូលដល់បរិវេនប្រារព្ធពិធី ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក្រសួងបរិស្ថាន្ត អ៊ាង សុផល្លែត បានអញ្ជើញចូលទស្សនាស្តង់ពិព័រផលិតផលខ្មែរ ដែលធ្វើឡើងដោយស្នាដៃខ្មែរ សុទ្ធសឹងតែជាផលិតផល ផលិតដោយប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំផងដែរ ។

បន្ទាប់ពីការចូលទស្សនាតាមស្តង់នីមួយៗ ឯកឧត្តមបណ្ឌិត និងលោកជំទាវរួមជាមួយក្រុមការងា ក៏បានអញ្ជើញចូលរួមលេងកំសាន្តនូវល្បែងប្រជាប្រិយខ្មែរ រាំលេងកំសាន្ត ដើម្បីបង្កើនភាពស្នឹតស្នាលជាមួយបងប្អូនប្រជាពលរដ្ឋដែលជាស្មារតីថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរយើងកុំឱ្យបាត់បង់ ។

ធ្វើឲ្យព្រឹត្តការណ៍នៃការបើកសង្ក្រាន្តអូរាំងឳឆ្នាំនេះ ទទួលបានជោគជ័យ ក្នុងស្មារតីថែរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរ ដោយសង្ក្រាន្តអូរាំងឳ នឹងប្រព្រឹត្តទៅមានរយៈពេល ៤ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៦ ក្នុងនោះមានរៀបចំនូវ ការតាំងពិព័រផលិតផល ភូមិមួយផលិតផលមួយ និងការរៀបចំពិធីកម្សាន្តសប្បាយតាមបែបប្រពៃណីខ្មែរជាច្រើនដូចជា ល្បែងប្រជាប្រិយខ្មែរ ការសម្តែងសិល្បៈខនសឺតខ្នាតយក្យ និងផ្ទាំងទស្សនីយភាពកម្សាន្តសប្បាយ ដែលធ្វើឱ្យអ្នកស្រុកអូរាំងឳចូលរួមទស្សនាកម្សាន្តសង្ក្រាន្តអូរាំងឳឆ្នាំនេះ មិនខកបំណងឡើយ ៕
