(ត្បូងឃ្មុំ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ រួមជាមួយលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានទទួលជួបសម្តែងការគួរសម និងទទួលពរជ័យពីគណៈប្រតិភូនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយ ឯកឧត្តម ឡេ វ៉ាន់ហាន់ ប្រធានគណៈកម្មាធិការប្រជាជនខេត្តតៃនិញ តំណាងឱ្យថ្នាក់ដឹកនាំខេត្តតៃនិញ និងខេត្តដុងណាយ នៅសាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៦ ។

ឯកឧត្តម ប៉ែន កុសល្យ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមានរបស់គណៈប្រតិភូវៀតណាម ឯកឧត្តមបានបញ្ជាក់ថា ជំនួបនេះមិនត្រឹមតែជាការអនុវត្តតាមពិធីការការទូតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការបង្ហាញពីស្មារតី «មហាក្រុមគ្រួសារ មិត្តជិតខាងល្អ និងបងប្អូន» ដែលធ្លាប់បានឆ្លងកាត់ការលំបាក និងរីកចម្រើនជាមួយគ្នាជាច្រើនទសវត្សរ៍ ។
ឯកឧត្តមអភិបាលខេត្ត ក៏បានលើកឡើងអំពី វឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់ខេត្តត្បូងឃ្មុំ ដែលបានប្រែក្លាយពីតំបន់រងគ្រោះដោយសង្គ្រាម មកជាតំបន់អភិវឌ្ឍន៍លើគ្រប់វិស័យ ក្រោមម្លប់នៃគោលនយោបាយឈ្នះ-ឈ្នះ ។

ឯកឧត្តមបានបញ្ជាក់ថា សមិទ្ធផលទាំងនេះកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែន ជាពិសេសលើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងការបង្កលក្ខណៈងាយស្រួលដល់ការដោះដូរពាណិជ្ជកម្ម និងការធ្វើដំណើររបស់ប្រជាជននៃប្រទេសទាំងពីរ ។

ឯកឧត្តម ប៉ែន កុសល្យ បានសម្តែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងខេត្តត្បូងឃ្មុំ-តៃនិញ-ដុងណាយ នឹងបន្តរីកចម្រើនកាន់តែខ្លាំងក្លាថែមទៀត ស្របតាមទិសដៅ «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង» ។

ឯកឧត្តមអភិបាលខេត្ត ក៏បានបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី សូមជួយប្រោះព្រំសព្ទសាធុការពរជ័យដល់គណៈប្រតិភូទាំងអស់ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យក្នុងភារកិច្ចបម្រើជាតិ និងប្រជាជនរៀងៗខ្លួន ៕
