You are currently viewing កូនត្រីប្រមាណ ២១.០០០ កូន ត្រូវបានប្រលែងចូលក្នុងអាងទឹកធម្មជាតិ ក្នុងទិវាមច្ឆាជាតិ ១ កក្កដា”

កូនត្រីប្រមាណ ២១.០០០ កូន ត្រូវបានប្រលែងចូលក្នុងអាងទឹកធម្មជាតិ ក្នុងទិវាមច្ឆាជាតិ ១ កក្កដា”

 

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញនាំយកកូនត្រីប្រម៉ាណជា ២១.០០០ កូន លែងចូលក្នុងអាងទឹកធម្មជាតិទំនប់ទឹកក្បាលអូរ ស្ថិតនៅក្នុងភូមិក្បាលអូរ ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ៧ ខែកក្ដដា ឆ្នាំ ២០២៥ ដើម្បីប្រារព្ធពិធី“ទិវាមច្ឆាជាតិ ១ កក្កដា” ។


ពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកដែលពាក់ព័ន្ធជាច្រើនរូបបានចូលរួមផងដែរ ។


ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យក ថ្ងៃទី ១ ខែកក្កដា ជាទិវាមច្ឆជាតិ ក្នុងគោលបំណងផ្សព្វផ្សាយ និងបំផុសស្មារតីឱ្យគ្រប់តួអង្គពាក់ព័ន្ធចូលរួមការពារ និងអភិរក្សធនធានជលផលធម្មជាតិឱ្យស្ថិតស្ថេរគង់វង្ស សម្រាប់កូនចៅជំនាន់ក្រោយ ហើយដើម្បីធានាការគ្រប់គ្រងធនធានជលផល រាជរដ្ឋាភិបាលបានរៀបចំឱ្យមានច្បាប់ស្តីពីជលផល ដែលនឹងក្លាយជាឧបករណ៍គតិយុត្តិថ្មី ស្របនឹងបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ច សង្គម និងនយោបាយនៅកម្ពុជា ក្នុងការពង្រឹងការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ។


ឯកឧត្តមបន្តថា ការកំណត់ឱ្យមានរដូវបិទនេសាទទឹកសាប ចាប់ពីដើមខែមិថុនា ដល់ចុងខែតុលា គឺដើម្បីទុកពេលឱ្យត្រីពងកូន បន្តពូជ និងរីកលូតលាស់ធំធាត់នៅរដូវទឹកតម្លើង ដែលនឹងផ្តល់ជាប្រភពចំណូលប្រចាំថ្ងៃរបស់ប្រជានេសាទ និងជាប្រភពអាហារចម្បងរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ៕