You are currently viewing ឯកឧត្តម ផារ៉ា មង្គល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអាគារសិក្សាថ្មី និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុនសែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ

ឯកឧត្តម ផារ៉ា មង្គល អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអាគារសិក្សាថ្មី និងសមិទ្ធផលនានានៅវិទ្យាល័យ ហ៊ុនសែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ

(ត្បូងឃ្មុំ): ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានអញ្ជើញសម្ពោធអាគារសិក្សាថ្មី ១ ខ្នង កម្ពស់ ២ ជាន់ ( ១២ បន្ទប់ ) និងសមិទ្ធផលនានា នៅវិទ្យាល័យ ហ៊ុន សែន ព្រែកអាជី ក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ ។


ឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលៗ រួមមាន សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនប្រជាពលរដ្ឋស្រុកក្រូចឆ្មារ។ បន្ថែមលើនេះ ឯកឧត្តមក៏បាននាំមកនូវមនោសញ្ចេតនានឹករលឹកពីសំណាក់ ឯកឧត្តម ជា សុផារ៉ា ដែលជានិច្ចកាលតែងតែណែនាំឱ្យក្រុមការងារយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសមិទ្ធផលរូបវន្ត និងបន្តជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ។


ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសម្តែងនូវការកោតសរសើរចំពោះការផ្ដួចផ្ដើមដឹកនាំរបស់ ឯកឧត្តម គង់ ភឿន ចំពោះការជួយជ្រោមជ្រែងក្នុងការបង្កើតនូវសមិទ្ធផលសម្រេចបាននូវអគារសិក្សាថ្មីនេះ ។
ឯកឧត្តម បានគូសបញ្ជាក់ថា ចំណេះដឹងគឺជាគ្រឹះដ៏សំខាន់សម្រាប់យុវជន ដើម្បីក្លាយជាសរសរទ្រូងជាតិ ព្រមទាំងបានអំពាវនាវឱ្យសិស្សានុសិស្សខិតខំប្រឹងប្រែងសិក្សារៀនសូត្រ គោរពវិន័យ ស្តាប់ដំបូន្មានឪពុក ម្តាយ លោកគ្រូ អ្នកគ្រូ និងជៀសឆ្ងាយពីគ្រឿងញៀន ចូលរួមគោរពច្បាប់ចរាចរណ៍ ។


ឯកឧត្តម ផារ៉ា មង្គល បានធ្វើការផ្តាំផ្ញើ និងសំណូមពរឱ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច បង្កើនការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាបានសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ព្រមទាំងត្រូវបន្តចុះមូលដ្ឋានដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋឱ្យបានជាប់ជាប្រចាំ ។


សូមបញ្ជាក់ថា សិមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ សម្រាប់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្អូនៗសិស្សានុសិស្ស ក្នុងឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំប្រើប្រាស់ផងដែរ ៕