You are currently viewing កម្លាំងជំនាញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមនុស្សបានចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀនជាង ៣ គីឡូក្រាមនៅក្រុងបាវឹត

កម្លាំងជំនាញ បើកប្រតិបត្តិការស្រាវជ្រាវបង្ក្រាបមនុស្សបានចំនួន ៤ នាក់ ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុកដោយខុសច្បាប់ នូវសាធាតុញៀនជាង ៣ គីឡូក្រាមនៅក្រុងបាវឹត

( ស្វាយរៀង ): ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង និងដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងដោយមានការសម្របសម្រួលពីលោកស្រី ស៊ុន យឿត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៦ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុង បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀនជាង ៣ គីឡូក្រាម ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម ចំនួន ៤ នាក់ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។


បើតាមលោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនសង្ស័យចំនួន ៤ នាក់ ខាងលើរួមមាន ទី ១.ឈ្មោះ ង្វៀង វ៉ាន់ជុង (NGUYEN VAN TRUNG) ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិវៀតណាម ទី ២.ឈ្មោះ ង្វៀង ស៊ឹងនិញ (NGUYEN XUAN NINH) ភេទប្រុស អាយុ ៦៥ ឆ្នាំ ជនជាតិវៀតណាម ទី ៣.ឈ្មោះ វ៉ាង ឡុងវ៉ូ (VOANG LONG VU) ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិវៀតណាម និងទី ៤.ឈ្មោះ វ៉ាង ធីហឿង (HAONG THI HUONG) ភេទស្រី អាយុ ២៧ ឆ្នាំ ជនជាតិវៀតណាម ។កម្លាំងជំនាញដកហូតបានវត្ថុតាងរួមមាន សារធាតុញៀនគ្រប់ប្រភេទទម្ងន់ ៣,៥៥៧.៦៤ ក្រាម ក្នុងនោះ ថ្នាំងញៀនប្រភេទកេតាមីនទម្ងន់ ២,០២៤.៦៦ ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទម្ងន់ ៣២១.៧៥ ក្រាម ថ្នាំញៀនប្រភេទមេតំហ្វេតាមីនគ្រាប់ ទម្ងន់ ៧៤៤.៩០ ក្រាម ថ្នាំញៀនប្រភេទហេរ៉ូអុីន ទម្ងន់ ៣៩.២៥ ក្រាម ថ្នាំញៀនប្រភេទអុិចស្តាស៊ីគ្រាប់ ទម្ងន់ ២០.២៩ ក្រាម ថ្នាំញៀនប្រភេទអុិចស្តាស៊ី ទម្ងន់ ៤១៥.៧៩ ក្រាម រថយន្ត ១ គ្រឿង ម៉ូតូ ៣ គ្រឿង, ទូរស័ព្ទ ៨ គ្រឿង ជញ្ជីងថ្លឹងថ្នាំញៀន ២ គ្រឿង លិខិតឆ្លងដែន ៤ ក្បាល អត្តសញ្ញាណប័ណ្ណវៀតណាម ៤ សន្លឹក ក្បាលបារីអេឡិចត្រូនិច ១៩៨ គ្រាប់ ។


បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕