(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំត្រៀមរៀបចំបេក្ខជនក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ របស់គណបក្សខេត្ត នៅសាលប្រជុំស្នាក់ការគណបក្សខេត្ត នារសៀលថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៦ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំគណបក្សខេត្ត ក្រុង ស្រុក តំណាងមន្ទីរ-អង្គភាពជុំវិញខេត្ត និងផ្នែកពាក់ព័ន្ធជាច្រើនរូប ក្នុងគោលបំណងដាក់ចេញនូវផែនការសកម្មភាពឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមសេចក្តីណែនាំដ៏ខ្ពង់ខ្ពស់របស់គណបក្សថ្នាក់កណ្តាល ។

ឯកឧត្តម កេង ប៊ុនណា ប្រធានគណៈអចិន្ត្រៃយ៍គណបក្សខេត្ត បានលើកឡើងពីរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅភារកិច្ចសម្រាប់ខែឧសភា ឆ្នាំ ២០២៦ ដែលបានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ តាមរយៈការជំរុញអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព» ដែលគណបក្សខេត្ត បានយកចិត្តទុកដាក់ខ្ពស់លើការដោះស្រាយសំណូមពររបស់ប្រជាពលរដ្ឋ និងការពង្រឹងកិច្ចសហប្រតិបត្តិការព្រំដែន ដើម្បីបង្កើនការដោះដូរពាណិជ្ជកម្ម និងសេដ្ឋកិច្ច សំដៅលើកកម្ពស់កម្រិតជីវភាពរស់នៅរបស់ប្រជាជនឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។

ឯកឧត្ដម ប៉ែន កុសល្យ បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញភារកិច្ចយ៉ាងសកម្ម និងជាប់ជាប្រចាំ ជាពិសេសការចុះជួយពង្រឹងចលនានៅមូលដ្ឋានបានយ៉ាងល្អប្រសើរ និងស្របតាមកម្មវិធីនយោបាយរបស់គណបក្ស ។

ឯកឧត្តមប្រធានបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃអាទិត្យទី ៦ ខែមិថុនា ឆ្នាំ ២០២៧ ជាកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៦ ក្នុងន័យនេះ គណៈកម្មាធិការគណបក្សខេត្តត្បូងឃ្មុំ បាននិងកំពុងរៀបចំរចនាសម្ព័ន្ធ ព្រមទាំងពង្រឹងក្រុមការងារចុះមូលដ្ឋាន ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ ។

ឯកឧត្តមបានបន្ថែមថា ការជ្រើសរើសបេក្ខជនឈរឈ្មោះបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ ត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងមតិសមូហភាពរបស់គណបក្សខេត្ត និងមូលដ្ឋាន មុននឹងបញ្ជូនបញ្ជីឈ្មោះទៅគណៈកម្មាធិការកណ្តាលដើម្បីសុំការសម្រេច ហើយដំណើរការនេះឆ្លុះបញ្ចាំងពីលក្ខណៈប្រជាធិបតេយ្យផ្ទៃក្នុងបក្សយ៉ាងទូលំទូលាយ ដើម្បីធានាថាបេក្ខជនគ្រប់រូបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ឯកឧត្តម ប៉ែន កុសល្យ បានដាក់ចេញក្នុងកិច្ចប្រជុំត្រៀមរៀបចំរួមមាន ការកែសម្រួលរចនាសម្ព័ន្ធ សម្រេចកែសម្រួល និងបំពេញបន្ថែមសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក និងឃុំ ដើម្បីបង្កើនប្រសិទ្ធភាពការងារ ការរៀបចំបេក្ខជន រៀបចំបញ្ជីឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតតាមលំដាប់លេខរៀង ដោយផ្អែកលើមតិសមូហភាពនៃគណៈកម្មាធិការបក្សមូលដ្ឋាន និងខេត្ត ដែលយុទ្ធនាការបោះឆ្នោត រៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់យុទ្ធនាការបោះឆ្នោតឱ្យបានច្បាស់លាស់ ក្នុងនោះការយល់ដឹងពីច្បាប់ ផ្សព្វផ្សាយបទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប ពាក់ព័ន្ធនឹងការចុះបញ្ជីបេក្ខជន ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា ទោះបីការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៦ គ្រោងនឹងធ្វើឡើងនៅឆ្នាំ ២០២៧ ក៏ពិតមែន ប៉ុន្តែការត្រៀមលក្ខណៈបច្ចេកទេស និងការរៀបចំសមាសភាព ត្រូវតែចាប់ផ្តើមអនុវត្តយ៉ាងសកម្មចាប់ពីឆ្នាំ ២០២៦ នេះតទៅ ដើម្បីធានាបាននូវភាពជោគជ័យដ៏ត្រចះត្រចង់ជូនគណបក្ស ៕
