
(ត្បូងឃ្មុំ): គម្រោងស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ដែលមានប្រវែង ៤,០០០ម៉ែត្រ តភ្ជាប់ពីឃុំទួលសូភី ទៅឃុំគងជ័យ ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ត្រូវបានបើកការដ្ឋានស្តារកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ ហើយគិតត្រឹមខែកក្កដា ឆ្នាំ២០២៥នេះ ដំណើរការស្ដារសម្រេចបាន ៨០ ភាគរយ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។ ដែលគម្រោងការស្តារផ្លូវនេះ អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ប្រើប្រាស់ថវិកាជំពូក ២១ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ ជាសេនាធិការ។

ក្នុងឱកាសអញ្ជើញរបស់មន្រ្តីជាន់ខ្ពស់អន្តរក្រសួង រួមមាន ៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ដឹកនាំក្រុមការងារដោយ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្តម ឆាយ រិទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការចូលរួមពីសំណាក់ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ទិត្យ សុជាតិ មេបញ្ជាការរង នាយសេនាធិការ នៃបញ្ជាការដ្ឋានវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ុច វ៉ាន់ថា មេបញ្ជារងកងទ័ពជើងគោក និងជាមេបញ្ជាការបញ្ជាការដ្ឋានវិស្វកម្ម ព្រមទាំងមន្រ្តីគ្រប់គ្រងគម្រោង មន្រ្តីបច្ចកទេស និងមន្ត្រីជំនាញពាក់ព័ន្ធ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារផ្លូវក្រាលកៅស៊ូពីរជាន់ DBST ប្រវែង ៤,០០០ម៉ែត្រ ស្ថិតត្រង់ចំណុចតភ្ជាប់ពីភូមិទួលសូភី ឃុំទួលសូភី ដល់ភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ បានលើកឡើងថា ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ក្នុងនាមជាសេនាធិការផ្ទាល់ ឲ្យរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញការងារសាងសង់ ការងារស្ដារឡើងវិញ ដើម្បីកែលម្អ ពង្រីក ថែទាំ និងជួសជុលផ្លូវតាមមូលដ្ឋាន ប្រែក្លាយ ឱ្យគ្រប់ភូមិតាមទីជនបទទាំងអស់មានផ្លូវតភ្ជាប់ និងជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ច សម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិផងដែរ។

បន្ទាប់ពីបានចុះពិនិត្យផ្ទាល់ ត្រង់ចំណុច និងទីកន្លែងសំខាន់ៗ រួចមក លោកជំទាវ ក៏បានវាយតម្លៃខ្ពស់ និងបានកោតសរសើរ ដល់កងកម្លាំង នៃបញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក និងអ្នកពាក់ព័ន្ធ ដែលបានយកចិត្តទុកដាក់ខ្ពស់ អនុវត្តសម្រេចតាមផែនការ ក្នុងទំហំ ៨០ភាគរយ ដោយរក្សានូវគុណភាពផ្លូវល្អប្រសើរ ក្នុងកិច្ចការងារស្តារកំណាត់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST មានប្រវែង ៤,០០០ម៉ែត្រ តភ្ជាប់ពីឃុំទួលសូភី ទៅឃុំគងជ័យ ក្នុងស្រុកអូររាំងឪ ជាផ្នែកមួយដ៏សំខាន់ ចូលរួមជាមួយរាជរដ្ឋាភិបាល លើការស្ថាបនាផ្លូវនូវជនបទ និងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មានផ្លូវល្អសម្រាប់ធ្វើដំណើរ និងផ្តល់ភាពងាយស្រួលដល់ការដឹកជញ្ជូនផ្សេងៗ ។

សូមបញ្ជាក់ជូនថា គម្រោងស្ដារឡើងវិញ ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ដែលមានប្រវែង ៤,០០០ម៉ែត្រ តភ្ជាប់ពីភូមិទួលសូភី ឃុំទួលសូភី ដល់ភូមិចង្វា ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ អនុវត្តដោយ បញ្ជាការដ្ឋានវិស្វកម្ម កងទ័ពជើងគោក ប្រើប្រាស់ថវិកាជំពូក ២១ តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងមានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានដំណើរការស្តារសម្រេចបាន ៨០ភាគរយហើយ គ្រោនឹង បញ្ចប់ការស្តារនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ខាងមុខនេះ៕





