You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត រួមជាមួយខេត្តចំនួន ៥ របស់កម្ពុជា ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅខេត្តដុងណាយ

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញដឹកនាំគណៈប្រតិភូខេត្ត រួមជាមួយខេត្តចំនួន ៥ របស់កម្ពុជា ចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម នៅខេត្តដុងណាយ

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំគណៈប្រតិភូអន្តរខេត្ត រួមមាន ខេត្តត្បូងឃ្មុំ ក្រចេះ មណ្ឌលគិរី កំពង់ធំ កំពង់ចាម និងខេត្តស្ទឹងត្រែង អញ្ជើញចូលរួមក្នុងកម្មវិធីជួបសំណេះសំណាល និងជូនពរសិរីសួស្តី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម (ឆ្នាំមមី ២០២៦) ជូនដល់ថ្នាក់ដឹកនាំ និងប្រជាជនខេត្តដុងណាយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ស្ថិតនៅមន្ទីរគណបក្សខេត្ត កាលពីថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ២០២៦ ។


ឯកឧត្តម ប៉ែន កុសល្យ បានសម្តែងនូវការសួរសុខទុក្ខ និងពរជ័យ ជ័យមង្គលយ៉ាងជ្រាលជ្រៅ ពីសំណាក់រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋ នៃខេត្តទាំង ៦ ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តដុងណាយទាំងមូល ។


ឯកឧត្តម ក៏បានអបអរសាទរចំពោះសមិទ្ធផលនានា ដែលខេត្តដុងណាយសម្រេចបាន និងសង្ឃឹមយ៉ាងមុតមាំថា ខេត្តនឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមឱ្យកាន់តែរុងរឿង ។


ជាតំណាងឱ្យប្រតិភូខេត្តទាំង ៦ ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ បក្ស រដ្ឋ កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលតែងតែជួយជ្រោមជ្រែងកម្ពុជា ចាប់តាំងពីដំណាក់កាលរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ រហូតដល់ការកសាង និងអភិវឌ្ឍន៍ប្រទេសនាពេលបច្ចុប្បន្ន ។


ឯកឧត្តមបញ្ជាក់ទៀតថា សកម្មភាពមនុស្សធម៌ ការបញ្ជូនក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងការជួយកសាងហេដ្ឋារចនាសម្ព័ន្ធនានា គឺជាសក្ខីភាពមិនអាចបំភ្លេចបាន នៃចំណងមិត្តភាពបងប្អូនដ៏រឹងមាំ ។


ទាក់ទងនឹងកិច្ចសហប្រតិបត្តិការតំបន់ព្រំដែន ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា នៃទំនាក់ទំនងជិតស្និទ្ធ ដែលបានប្រែក្លាយតំបន់ព្រំដែនឱ្យទៅជាតំបន់សន្តិសុខ សណ្តាប់ធ្នាប់ និងជាច្រកសេដ្ឋកិច្ច ដ៏មានសក្ដានុពល តាមរយៈការផ្លាស់ប្តូរទំនិញ និងការបង្កើនទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ។


គណៈប្រតិភូកម្ពុជាក៏បានសម្តែងការអបអរសាទរយ៉ាងស្មោះស្ម័គ្រជូនចំពោះ ឯកឧត្តម ង្វៀន វ៉ាន់អ៊ុត ដែលត្រូវបានតែងតាំងជាប្រធានគណៈកម្មាធិការប្រជាជនខេត្តដុងណាយ ដោយបានជូនពរឱ្យឯកឧត្តមទទួលបានជោគជ័យត្រចះត្រចង់ក្នុងបេសកកម្មដឹកនាំថ្មីនេះ ដើម្បីបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាម ឱ្យស្ថិតស្ថេរជាអមតៈ ។


ឯកឧត្តម វូ ហុងវ៉ាន់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះវត្តមាន និងទឹកចិត្តដ៏សប្បុរសប្រពៃថ្លៃថ្លារបស់ប្រតិភូកម្ពុជា ។


ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងខេត្តដុងណាយ និងខេត្តទាំង ៦ របស់កម្ពុជា គឺជាការឆ្លុះបញ្ចាំងពីជំនឿទុកចិត្ត និងសាមគ្គីភាពដ៏រឹងមាំ ក្រោមស្មារតី “មិត្តភាពប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ” ដើម្បីបុព្វហេតុសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៃប្រជាជាតិទាំងពីរ ។


ដំណើរទស្សនកិច្ចនេះ បានបញ្ចប់ទៅក្នុងបរិយាកាសស្និទ្ធស្នាល និងកក់ក្តៅជាទីបំផុត ដែលជាការបន្តពង្រឹងនូវទំនាក់ទំនង រវាងប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត ៕