( ត្បូងឃ្មុំ ): លោកជំទាវ នី ចាន់ធីតា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសារប្រឡងសិស្សពូកែប្រចាំឆ្នាំសិក្សា ២០២៥- ២០២៦ ដែលរៀបចំឡើងដោយ មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ នៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន ខ្នារ នាព្រឹកថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២៦ ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ បានបញ្ជាក់ថា ការប្រឡងជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត គឺរៀបចំឡើងចាប់ពីថ្នាក់ទី ៧ ដល់ថ្នាក់ទី ១២ មាន ២ មណ្ឌល ៥៥ បន្ទប់ បេក្ខជនសរុបចំនួន ១.៣៥៤ នាក់ ក្នុងនោះស្រី ៩៣១ នាក់ ។

លោក ផាត សុខសាន្ត បន្តថា ការប្រឡងនេះក្នុងគោលបំណង ចម្រាញ់ជ្រើសរើសសិស្សពូកែថ្នាក់ខេត្ត មិនមែនគ្រាន់តែជាការវាស់ស្ទង់សមត្ថភាព យកលេខរៀងប៉ុណ្ណោះទេ ប៉ុន្តែមានគោលបំណងសំខាន់ៗជាច្រើន សម្រាប់សិស្សានុសិស្ស និងប្រព័ន្ធអប់រំទាំងមូល ដែលជាការលើកទឹកចិត្ត និងផ្ដល់កិត្តិយស ហើយការប្រឡងនេះ គឺជាវេទិកាមួយ ដែលអនុញ្ញាតឱ្យសិស្សដែលមានការខិតខំប្រឹងប្រែងរៀនសូត្រ ទទួលបាននូវការទទួលស្គាល់ ការទទួលបានជ័យលាភី នាំមកនូវកិត្តិយសដល់ខ្លួនឯង គ្រួសារ និងសាលារៀន ដែលជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា សម្រាប់សិស្សក្នុងការបន្តការសិក្សា ឱ្យកាន់តែពូកែ ។

ឯកឧត្តម ហួរ ឈុនគ្រី អគារធិការ ក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ផ្តាំផ្ញើ ដល់ប្អូនទាំងអស់ ត្រូវធ្វើយ៉ាងណា ខិតខំប្រឹងប្រែងប្រឡងឱ្យអស់ពីសម្ថភាព ដើម្បីទទួលបានឱកាសក្នុងការប្រឡងសិស្សពូកែថ្នាក់ជាតិនាពេលខាងមុខ ជួយលើកមុខមាត់ដល់ ខ្លួនឯង គ្រួសារ និងខេត្តត្បូងឃ្មុំទាំមូល ។

សូមជម្រាបថា ការប្រឡងសិស្សពូកែ គឺជាស្ពាន ដើម្បីឆ្ពោះទៅរកភាពជោគជ័យខ្ពស់ជាងមុន និងជាការបណ្ដុះបណ្ដាលធនធានមនុស្សដ៏មានសក្ដានុពលសម្រាប់សង្គមជាតិ ៕
