You are currently viewing សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាមូលដ្ឋានទូទាំងខេត្តត្បូងឃ្មុំ ជិត ៩០០ នាក់

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ និងក្រុមប្រឹក្សាមូលដ្ឋានទូទាំងខេត្តត្បូងឃ្មុំ ជិត ៩០០ នាក់

( ត្បូងឃ្មុំ ): សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសំណេះសំណាលជាមួយសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្តត្បូងឃ្មុំ សរុបប្រមាណជិត ៩០០ នាក់ ដែលធ្វើឡើងនៅសាលប្រជុំធំ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទិ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ក៏បានធ្វើសេចក្ដីរាយការណ៍ជូនសម្តេចតេជោ អំពីសមិទ្ធផលសំខាន់ៗដែលខេត្តសម្រេចបាន រួមមាន សន្តិសុខ និងស្ថិរភាព៖ ការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងស្ថិរភាពនយោបាយយ៉ាងរឹងមាំ ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត ការរីកចម្រើននៃបណ្តាញផ្លូវជាតិ (លេខ៧, ៨, ១១, ៧៣) ជាពិសេសគឺ សមិទ្ធផលប្រវត្តិសាស្ត្រ ផ្លូវជាតិលេខ ៧១ C និងស្ពានមិត្តភាពកម្ពុជា-ចិន ( ស្ទឹងត្រង់ – ក្រូចឆ្មារ ) ដែលបានសម្ពោធដាក់ឱ្យប្រើប្រាស់កាលពីឆ្នាំ ២០២៥ កន្លងទៅ ដែលកំពុងបម្រើដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋយ៉ាងសកម្ម វិស័យសុខាភិបាល និងអប់រំ ខេត្តទទួលបានមន្ទីរពេទ្យខ្នាតធំប្រចាំតំបន់ (មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ) និងមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាបង្អែកសុខភាពដ៏សំខាន់ ទន្ទឹមនឹងនោះ វិស័យអប់រំក៏មានការរីកចម្រើន គួរឱ្យកត់សម្គាល់ តាំងពីកម្រិតមត្តេយ្យសិក្សារហូតដល់សាកលវិទ្យាល័យ សាសនា និងវប្បធម៌ ការរីកចម្រើននៃវត្តអារាម និងវិស័យសាសនាដទៃទៀត (ឥស្លាមសាសនា គ្រីស្ទសាសនា) ដែលរស់នៅជាមួយគ្នាក្រោមម្លប់សន្តិភាព និងសុខដុមនីយកម្មសាសនា សមិទ្ធផលទាំងនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍឥតឈប់ឈររបស់ខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការគិតគូរគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជា ។
សម្តេចតេជោហ៊ុន សែន បានបង្ហាញនូវក្តីរីករាយ ដែលបានអញ្ជើញមកជួបជាមួយបងប្អូនក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានា ក្នុងខេត្តត្បូងឃ្មុំ នេះសារជាថ្មី ។
សម្តេចតេជោបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីរាជការទាំងអស់ដែលបានខិតខំបំពេញការងារបម្រើសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋនៅពេលកន្លងមក ជាពិសេសការរួមគ្នារក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម ទប់ស្កាត់បាននូវទង្វើបង្ករចលាចលនានាក្នុងសង្គម ។
សម្តេចតេជោ បានណែនាំដល់មន្ត្រីរាជការទាំងអស់ ជាពិសេសក្រុមប្រឹក្សាឃុំ សង្កាត់ ឱ្យបន្តយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច បម្រើជាតិ និងប្រជាជនឲ្យបានល្អប្រសើរ ជាពិសេសបន្តយកចិត្តទុកដាក់ផ្តល់នូវសេវាចាំបាច់នានាជូនប្រជាពលរដ្ឋឱ្យបានលឿន រហ័ស ចៀសវាងបង្កនូវបញ្ហានានាដែលនាំឱ្យមានការថ្នាំងថ្នាក់ដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋ ។
សម្តេចតេជោ ក៏បានរំលឹកដល់មន្រ្តីទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់រក្សាឱ្យបាន ស្ថិរភាពសង្គម សន្តិសុខសណ្ដាប់ធ្នាប់សង្គម ដោយបន្តអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមមាន ការបង្ក្រាបនូវបទល្មើសផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ ការជួញដូរគ្រឿងញៀន ជាពិសេសបង្ក្រាបឱ្យបាននូវអំពើឆបោកតាមអនឡាញ(Scam Online) ។
សម្ដេចតេជោក៏បានក្រើនរំលឹកដល់មន្ត្រីទាំងអស់ ចៀសវាងភាពអសកម្ម ឬការគៀបសង្កត់ណាមួយ និងត្រូវចាំថា«មន្ត្រីមិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ គឺជាអ្នកបម្រើដ៏ស្មោះត្រង់របស់ប្រជាជន»  ម្យ៉ាងវិញទៀតចៀសវាងប្ដីស័ក្ដិ ៣ ប្រពន្ធសក្ដិ ៤ កូនសក្ដិ ៥ ដែលធ្វើឲ្យមានបញ្ហាក្នុងមូលដ្ឋាន ថែរក្សាធនធានធម្មជាតិ ៕