You are currently viewing វត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យវិសាខបូជា

វត្តវិហារទន្ទឹម ក្រុងសួង ខេត្តត្បូងឃ្មុំ បានរៀបចំពិធីបុណ្យវិសាខបូជា

( ត្បូងឃ្មុំ ): ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ  (សុវណ្ណបញ្ញោ) ព្រះអនុគណក្រុងសួង និងជាព្រះចៅអធិការវត្តវិហារទន្ទឹម ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងលោក ពាង ណារិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បាននិមន្តនិងអញ្ជើញដឹកនាំមន្ត្រីរាជការសាលាខេត្ត រួមជាមួយរដ្ឋបាលក្រុងសួង ព្រមទាំងព្រះមន្តី្រសង្ឃ ពុទ្ធបរិស័ទចំណុះជើងវត្តជិតឆ្ងាយ បានចូលរួមពិធីបុណ្យវិសាខបូជា ដែលប្រារព្ធឡើងក្នុងបរិវេនវត្តវិហារទន្ទឹម ស្ថិតនៅក្រុងសួង សង្កាត់សួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២៦ ។


នាឱកាសពិធីបុណ្យនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ បានធ្វើការដុតប្រទីប បូជាផ្កាផ្ញី ចំពោះព្រះពុទ្ធរូបព្រះសម្មាសម្ពុទ្ធ ក្នុងឱកាសពិធីបុណ្យវិសាខបូជាដែលជាបុណ្យជាតិ និងត្រូវបាប្រទេសជាង ២០០ ជាសមាជិកនៃអង្គការសហប្រជាជាតិ អនុម័ត ទទួលស្គាល់ថាជាថ្ងៃបុណ្យអន្តរជាតិផងដែរ ។


ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ  (សុវណ្ណបញ្ញោ) ព្រះអនុគណក្រុងសួង បានមានព្រះថេរដីការថា បុណ្យវិសាខបូជា គឺជាបុណ្យមួយដែលរំលឹកឡើងនៅព្រឹត្តការណ៍សំខាន់ៗទាំង៣ របស់ព្រះសម្មាសម្ពុធ។ កាលទាំង៣នោះគឺ រំលឹកដល់កាលដែលព្រះសម្មាសម្ពុធទ្រង់ប្រសូត្រ រំលឹកដល់កាលដែលព្រះសម្មាសម្ពុធទ្រង់ត្រាស់ដឹង និងរំលឹកដល់កាលដែលព្រះសម្មាសម្ពុធទ្រង់បរិនិព្វាន ។


ព្រះអង្គបានបន្តព្រះថេរដីការថា ព្រះពុទ្ធសាសនាគឺជាសាសនានាំមកនូវសន្តិភាព ទាំងផ្លូវកាយ និងផ្លូវចិត្ត ហើយមិនមែនតែក្នុងព្រះរាជាណាចក្រកម្ពុជាទេដែលប្រារព្ធនៅពិធីបុណ្យនេះ គឺមានប្រទេសដ៏ទៃទៀតក៏បានប្រារព្ធនៅពិធីបុណ្យនេះផងដែរ។ កាលដែលរៀបចំនៅពិធីបុណ្យនេះ ក៏ព្រោះបរិស័ទទាំងអស់ដែលជាអ្នកគោរពកាន់ព្រះពុទ្ធសាសនា បានដឹងនឹងយល់ច្បាស់អំពីគុណបំណាច់របស់ព្រះសម្មាសម្ពុទ្ធ ដែលព្រះអង្គទ្រង់បានកើតឡើងក្នុងលោក បានស្វែងរកនៅសច្ចៈធម៌ និងនាំបរិស័ទប្រតិបត្តិតាម អាចឆ្លងផុតនៅសេចក្តីទុក្ខ នៃការកើត ចាស់ ឈឺ ស្លាប់ ហើយបានសម្រេចនៅអមតៈមហានិព្វាន ។


ព្រះអង្គគ្រូបានផ្តល់នូវដំបូន្មានដល់បរិស័ទទាំងអស់ ក្នុងថ្ងៃបុណ្យវិសាខបូជានេះ សូមបរិស័ទទាំងអស់គ្នា តាំងចិត្តបំពេញនៅសេចក្តីល្អ ប្រព្រឹត្តល្អ វាចាកអំពើបាបទាំងឡាយទាំងពួង ដើម្បីបានបុណ្យកុសល ជ្រះថ្លាក្នុងថ្ងៃដ៏វិសេសនេះ ។


អង្គពិធៅបុណ្យនេះ ក៏មានការដង្ហែក្បួនព្យុហយាត្រា តាមដងផ្លូវដើម្បីផ្សព្វផ្សាយដល់បរិស័ទទាំងអស់ថា ថ្ងៃនេះជាថ្ងៃបុណ្យវិសាខបូជា ជាថ្ងៃសីលដ៏វិសុទ្ធ ហើយគ្រប់ប្រជាជនក្នុងក្រុងសួងទាំងអស់បានចូលរួមយ៉ាងកុះករ ញ៉ាំងកម្មវិធីនេះឱ្យមានភាពឱឡាឫកអធិកអធមផងដែរ ៕