You are currently viewing ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធករណីផ្ទុះអាវុធនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក

ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធករណីផ្ទុះអាវុធនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក

( ត្បូងឃ្មុំ ): ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ បានជម្រាបជូនសាធារណជនជ្រាបពាក់ព័ន្ធករណីបណ្ដាញសង្គមឈ្មោះ “DAP News” បានចុះផ្សាយខ្លឹមសារថា មានករណីផ្ទុះអាវុធប្រហែល ១០ គ្រាប់ នៅ ភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ មិនដឹងថាជាករណីអ្វីធ្វើឲ្យផ្អើលប្រជាពលរដ្ឋ ។ល។ មានហ្វេសប៊ុក និង TIK-TOK មួយចំនួនបានចុះផ្សាយចែករំលែកបន្តដោយមានខ្លឹមសារប្រហាក់ប្រហែលគ្នានេះ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមធ្វើការបំភ្លឺជូនសាធារណជនថា នៅវេលាម៉ោង ១៨ និង ២៨ នាទី ថ្ងៃទី ៦ វិច្ឆិកា ២០២៥ កម្លាំងប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាន នគរបាលស្រុកពញាក្រែក និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងផ្លុង បានប្រើវិធានការជំនាញ តាមមាត្រា ៧៩ បន្តចុះបង្ក្រាបមុខសញ្ញាជួញដូរសារធាតុញៀនខុសច្បាប់ (មុខសញ្ញា កំពុងគ្រប់គ្រង) នៅចំណុចកើតហេតុ សមត្ថកិច្ចក៏បានឃើញរជនសង្ស័យ នៅក្នុងរថយន្តម៉ាកសាំយ៉ុង ពណ៌លឿង សមត្ថកិច្ចបានបើករថយន្ត ១ គ្រឿងបិទខាងមុខ និងរថយន្ត ២ គ្រឿងទៀតបិទខាងក្រោយរថយន្តជនសង្ស័យ ព្យាយាមបើកគេចខ្លួនដោយ បើករថយន្តបំបុករថយន្តរបស់សមត្ថកិច្ចដែលកំពុងប្រតិបត្តិការ បណ្តាលឱ្យរបួសដៃនគរបាលម្នាក់ ទើបសមត្ថកិច្ចបង្ខំចិត្តផ្ទុះអាវុធដើម្បីការពារខ្លួន តែជនសង្ស័យនៅតែបន្តបើករថយន្តគេចខ្លួនរួចបាត់ (ករណីនេះមិនបណ្តាលឲ្យមានអ្នករងរបួសដោយការផ្ទុះអាវុធនោះទេ) ។
ករណីខាហលើនេះ លោកឧត្តមសេនីយ៍ទោស្នងការ បានចាត់តាំងកម្លាំងជំនាញ ដឹកនាំ ដោយលោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរងទទួលជំនួយការដឹកនាំការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកងកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ចុះស្រាវជ្រាវស្វែងរកព័ត៌មានពាក់ព័ន្ធករណីខាងលើ ដើម្បីបន្តតាមនីតិវិធី ។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ សូមអរគុណដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនង សង្គម ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលតែងតែបានផ្តល់ព័ត៌មាន ឬហេតុការណ៍ ក៏ដូចជាសំណូមពរផ្សេងៗ សូមបន្តផ្តល់ព័ត៌មានតាមលេខទូរស័ព្ទទាន់ហេតុការណ៍ (HOTLINE) ១១៧ និងលេខទូរស័ព្ទប្រចាំបញ្ជាលេខ ០៧១ ៤៤ ២២ ៦៦៦ ឬតាមរយៈ: Page ផ្លូវការ “ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ” ដើម្បីស្រាវជ្រាវឈានដល់ការ បង្ក្រាបឲ្យខានតែបាន ដោយធានាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងខេត្តត្បូងឃ្មុំ ឲ្យកាន់តែល្អប្រសើរ ៕