You are currently viewing ក្រុមសមាជិកព្រឹទ្ធសភា ភូមិភាគ ២ សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តបារាំង បញ្ចប់បេសកកម្មមនុស្សធម៌ រយៈពេល ៣ ថ្ងៃ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយជោគជ័យ

ក្រុមសមាជិកព្រឹទ្ធសភា ភូមិភាគ ២ សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តបារាំង បញ្ចប់បេសកកម្មមនុស្សធម៌ រយៈពេល ៣ ថ្ងៃ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយជោគជ័យ

(ត្បូងឃ្មុំ): ឯកឧត្តម ស៊ាក ឡេង សមាជិកក្រុមតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី ១ ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី ២ សហការជាមួយគ្រូពេទ្យស្ម័គ្រចិត្តបារាំង បញ្ចប់បេសកកម្មមនុស្សធម៌ រយៈពេល ៣ ថ្ងៃ នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយជោគជ័យក្នុងការពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅឃុំចាន់មូល និងឃុំដារ ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ត្រូវបានបញ្ចប់ដោយជោគជ័យនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២៦ ក្រោមស្មារតី “ខ្មែរស្រឡាញ់ខ្មែរ” និងការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំព្រឹទ្ធសភា ។


ឯកឧត្តម ស៊ាក ឡេង បានពាំនាំនូវបណ្តាំផ្ញើរសួរសុខទុក្ខដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី ១ និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី ២ ព្រឹទ្ធសភា ជូនចំពោះអាជ្ញាធរខេត្ត មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋទូទាំងអស់ ។


ឯកឧត្តមតំណាងក្រុម បន្តថា ការចុះពិនិត្យ និងព្យាបាលនេះ ធ្វើឡើងដោយមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយឡើយ គឺក្នុងគោលបំណងលើកកម្ពស់សុខុមាលភាពពលរដ្ឋ ដែលជាមូលដ្ឋានគ្រឹះនៃសុភមង្គលគ្រួសារ និងសង្គម ។


ឯកឧត្តម ស៊ាក ឡេង ក៏បានសម្តែងការដឹងគុណចំពោះវិរកងទ័ព ដែលការពារបូរណភាពទឹកដី និងអធិបតេយ្យភាពរបស់កម្ពុជា ពីការឃ្លានពានរបស់ប្រទេសថៃ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអាជ្ញាធរមូលដ្ឋាន ទាំងថ្នាក់ភូមិ ឃុំ ស្រុក ខេត្ត និងប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដែលបានបរិច្ចាគធនធានជួយដល់សមរភូមិមុខ ក្នុងនាមជាកម្លាំងសាមគ្គីភាពដ៏រឹងមាំ។ ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានជម្រាបជូនពីស្ថានភាពវិវត្តថ្មីៗនៅតាមព្រំដែនកម្ពុជា-ថៃ និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល ក្រោមយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម” ក្នុងការដោះស្រាយបញ្ហាព្រំដែន ។


ឯកឧត្តមតំណាងក្រុមសមាជិកព្រឹទ្ធសភា បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមថែទាំសុខភាពឱ្យបានល្អគ្រប់ៗគ្នា តាមរយៈការយកចិត្តទុកដាក់លើអនាម័យ “ហូបស្អាត រស់នៅស្អាត” និងអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីបង្ការជំងឺដង្កាត់ផ្សេងៗ ។


បញ្ជាក់ដែរថា បេសកកម្មនេះមិនត្រឹមតែនាំមកនូវសុខភាពល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងនូវជំនឿចិត្ត និងភាពកក់ក្តៅយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅតំបន់ដាច់ស្រយាលក្នុងខេត្តត្បូងឃ្មុំផងដែរ ៕