(ត្បូងឃ្មុំ): ក្នុងស្មារតីចងចាំ និងតបស្នងសងគុណចំពោះវីរយុទ្ធជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ ១៩៧៨ បានអញ្ជើញប្រគល់ផ្ទះចំនួន ៥០ ខ្នង ជូនដល់គ្រួសារអតីតយុទ្ធមិត្តឆ្នាំ ១៩៧៨ នៅភូមិប្រិយ៍ ឃុំទ្រៀក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៦ ។

ក្នុងឱកាសនោះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ និងបានអានរបាយការណ៍ស្តីពីសកម្មភាពការងារអតីតយុទ្ធជនក្នុងខេត្ត ។

ឯកឧត្តមបានបន្តថា ការផ្តល់ផ្ទះនាពេលនេះ គឺជាសក្ខីភាពនៃ «វប្បធម៌ដឹងគុណ» យ៉ាងពិតប្រាកដ ចំពោះវីរយុទ្ធជនដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ក្នុងចលនាតស៊ូរំដោះជាតិចាប់តាំងពីឆ្នាំ ១៩៧៨ ដើម្បីនាំមកនូវសន្តិភាព និងការអភិវឌ្ឍនាពេលបច្ចុប្បន្ន ។

ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៦ ខេត្តត្បូងឃ្មុំមានសមាជិកសមាគមអតីតយុទ្ធជនសរុប ២.៣១៤ នាក់ ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៦ នេះ សមាគមបានបើកផ្តល់ថវិកាបេឡាមរណៈសង្គ្រោះ និងធានារ៉ាប់រងសង្គម ជូនគ្រួសារសពអតីតយុទ្ធជន សរុបជាង ១៣០ លានរៀល ទន្ទឹមនឹងនេះ ខេត្តក៏មានទីតាំងដីសម្បទានសង្គមកិច្ចចំនួន ៦ កន្លែង សម្រាប់កងកម្លាំងប្រដាប់អាវុធ និងអតីតយុទ្ធជន ដើម្បីបន្តសាងសង់ជម្រកសមរម្យជូនគាត់ជាបន្តបន្ទាប់ ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍កោតសរសើរដល់រដ្ឋបាលខេត្ត និងអង្គភាពពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខទុក្ខរបស់យុទ្ធមិត្ត ។

សម្តេចបានបញ្ជាក់ទៀយថា ការផ្តល់ផ្ទះជូនគ្រួសារអតីតយុទ្ធមិត្តឆ្នាំ ១៩៧៨ គឺជាគោលនយោបាយដ៏ច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដើម្បីជាការតបស្នងដល់យុទ្ធមិត្តដែលបានរួមអាវុធ តស៊ូក្នុងភ្លើងសង្គ្រាមរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្តេចកិត្តិសង្គហបណ្ឌិតបានបន្តទៀតថា សម្តេចតេជោ និងសម្តេចមហាបវរធិបតី បានគិតគូរខ្ពស់ដល់សុខទុក្ខរបស់យុទ្ធជន និងអតីតយុទ្ធជនដែលបានបូជាកម្លាំងកាយចិត្ត និងជីវិត ដើម្បីការពារជាតិមាតុភូមិ តាមរយៈការផ្តល់ផ្ទះនេះ ក៏បានបង្ហាញអំពីគោលនយោបាយយូរអង្វែង ក្រោមពាក្យស្លោក «មិនទុកអ្នកណាម្នាក់ ឲ្យនៅឯកោរ» ដែលជាគោលការណ៍សំខាន់ ក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ថ្នាក់ដឹកនាំខេត្ត និងអង្គភាពជុំវិញខេត្តត្បូងឃ្មុំ ដែលបានជួយសម្របសម្រួល ដោយការយកចិត្តទុកដាក់ខ្ពស់ចពោះសុខទុក្ខរបស់គណៈយុទ្ធមិត្ត ។

ជាការឆ្លើយតបអតីតយុទ្ធមិត្តដែលបានទទួលផ្ទះនៅខេត្តត្បូងឃ្មុំក៏បានគោរពរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ និងសម្តេចធិបតី ដែលបានគិតគូរដល់សុខទុក្ខ និងការផ្តល់ជម្រកសមរម្យដល់ពួកគាត់នាពេលនេះ និងបានគោរពជូនពរឲ្យសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

ក្នុងនោះប្រជាពលរដ្ឋដែលជាម្ចាស់ផ្ទះចំនួន ៥០ គ្រួសារ និងគ្រួសារអតីតយុទ្ធមិត្តចំនួន ១២៥ គ្រួសារ ក្នុងមួយគ្រួសារទទួលបានអំណោយរួមមាន អង្ករ ២០ គីឡូក្រាម ទឹកត្រី ១ យួរ ទឹកសុទ្ធ ១ យួរ មី ១ កេស គ្រាប់ពូជបន្លែ ១ កញ្ចប់ (មាន ៥ ប្រភេទគ្រាប់ពូជ) និងថវិកា ៥ ម៉ឺនរៀល ៕
