You are currently viewing ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសម្ភារៈ ដើម្បី ជួយឧបត្ថម្ភដល់ជនភៀសសឹក ទៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

ឯកឧត្តម ប៉ែន កុសល្យ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសម្ភារៈ ដើម្បី ជួយឧបត្ថម្ភដល់ជនភៀសសឹក ទៅទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ

(ត្បូងឃ្មុំ): ឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្ត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសម្ភារៈ គ្រឿងឧបភោគ-បរិភោគ និងថវិកា ដើម្បីយកជួយផ្គត់ផ្គង់ដល់ជនភៀសសឹក ដែលរស់នៅក្បែរតំបន់ប្រយុទ្ធ ត្រូវបានជម្លៀសទៅកាន់ទីតាំងសុវត្ថិភាព បន្ទាប់ពីមានការឈ្លានពានពីទ័ពសៀមមកលើទឹកដីកម្ពុជា ។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត នាយករងរដ្ឋបាល នាយក-នាយករង ទីចាត់ការ នៃរដ្ឋបាលខេត្តត្បូងឃ្មុំ មេបញ្ជាការ កងកំលាំងទាំង បី ប្រធានពន្ធធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរង ក្រុង/ស្រុកទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានជំរុញ និងលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំខេត្ត មន្រ្តីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង បី និងរដ្ឋបាលក្រុង/ស្រុក ទាំងអស់ ពិនិត្យលទ្ធភាពរៀងៗខ្លួន តាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំ នាំយកទៅឧបត្ថម្ភ និងផ្គត់ផ្គង់ដល់ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលបានជម្លៀសចេញពីផ្ទះសម្បែង មករកទីកន្លែងសុវត្ថិភាព ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដោយបន្ទាប់ពីមានជម្លោះប្រដាប់អាវុធ ដែលបង្កឡើង ដោយទាហានថៃឈ្លានពានមកលើដែនអធិបតេយ្យភាពរបស់កម្ពុជា ។

បន្ទាប់ពីទទួលបានរបាយការណ៍ចូលរួមចែករំលែក ពីរដ្ឋបាលក្រុង/ស្រុក ក៏ដូចជាសប្បុរសជននានា ឯកឧត្តមអភិបាលខេត្ត បានគូសបញ្ជាក់ថា ក្នុងស្មារតីជាតិខ្មែរតែមួយ ការចូលរួមយ៉ាងសកម្ម មានជាសម្ភារគ្រឿង ឧបភោគ-បរិភោគ ថ្នាំ ពេទ្យ សម្ភារៈប្រើប្រាស់ចាំបាច់ ផ្សេងៗ ជាច្រើនមុខនេះ គឺបានបង្ហាញឲ្យឃើញពីស្មារតីស្នេហាជាតិជាធ្លុងមួយ ខ្មែរជួយខ្មែរ ខ្មែរស្រឡាញ់ខ្មែរ របស់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ នៅសមូរភូមិក្រោយ គាំទ្រ និងលើកទឹកចិត្តដល់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក ដែលកំពុងរស់នៅទីកន្លែងសុវត្ថិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម ប៉ែន កុសល្យ ក៏បានថ្លែងអំពាវនាវដល់ ម្ចាស់ក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ អាជីវករ និងប្រជាពលរដ្ឋ ដែលនៅតាមបណ្តាក្រុង/ស្រុក អាចចូលរួមបន្តឧបត្ថម្ភគាំទ្រនូវគ្រឿងឧបភោគ-បរិភោគ និងសម្ភារប្រើប្រាស់ បានតាមរយៈក្រុង-ស្រុកផ្ទាល់ ឬតាមរយៈរដ្ឋបាលខេត្តត្បូងឃ្មុំផងដែរ ៕