You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំ ២០២៤-២០២៥

រដ្ឋបាលខេត្តត្បូងឃ្មុំ បិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំយុវជន និងកីឡា ឆ្នាំ ២០២៤-២០២៥

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុលស្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បិទអង្គសន្និបាត បូកសរុបលទ្ធផលការងារ អប់រំ យុវជន និងកីឡា ឆ្នាំ ២០២៤-២០២៥  ដែលប្រព្រឹត្តទៅមានរយៈពេល ២ ថ្ងៃ កាលពីរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២៥ ។
ឯកឧត្តម ប៉ែន កុសល្យ បានមានប្រសាសន៍អបអរសាទរចំពោះកិច្ចខិតខំប្រឹងប្រែងរយៈពេល ១ ឆ្នាំ របស់មន្ទីរអប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ ដែលបំពេញការងារបានល្អប្រសើរ ក្នុងវិស័យអប់រំបណ្តុះបណ្តាលសិស្សានុសិស្សយុវជន ឱ្យក្លាយជាទំពាំង ស្នងឫស្សី សម្រាប់អនាគតប្រទេសជាតិកម្ពុជាយើង ។


ឯកឧត្តមអភិបាលខេត្ត បានធ្វើការលើកទឹកចិត្ត ដល់លោកគ្រូ អ្នកគ្រូ បន្តអនុវត្តកិច្ចការងារអប់រំ បង្ហាត់បង្រៀនសិស្ស ឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលអភិវឌ្ឍន៍ធនធានមនុស្ស ឱ្យក្លាយជាធនធានមនុស្សដ៏សំខាន់ សម្រាប់ខឿនសេដ្ឋកិច្ច ឆ្នាំ ២០៣០-២០៥០ ។


ឯកឧត្តម បានធ្វើការផ្តាំផ្ញើ និងណែនាំដល់សិស្សានុសិស្ស ជាយុវជន ត្រូវខិតខំប្រឹងប្រែងសិស្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជាពីលោកគ្រូអ្នកគ្រូ និងជៀសឱ្យឆ្ងាយពីអំពើអបាយមុខ ក្មេងទំនើង គ្រឿងញៀន ល្បែងស៊ីសង ដែលសង្គមជាតិស្អប់ខ្ពើម ហើយបំផ្លាញខ្លួនឯង គ្រួសារ សង្គមជាតិផងដែរ ។


លោក ផាត សុខសាន្ត ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានបង្ហាញថា គិតត្រឹមឆ្នាំសិក្សា ២០២៤-២០២៥ សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះទូទៅទាំងសាធារណៈ សហគមន៍ និងឯកជន សរុប ៦២៩ ក្នុងនោះ សាលាមត្តេយ្យសិក្សាគ្រប់រូបភាព ៥៣ កន្លែង  សាលាបឋមសិក្សា ៤០៧ កន្លែង អនុវិទ្យាល័យ ៥៣ កន្លែង និងវិទ្យាល័យ ៣៧ កន្លែង ។


សិស្សចំណេះទូទៅសរុប ១៨០.៨៨៥ នាក់ ស្រី ៤៩,៧២ ភាគរយ ក្នុងនោះសិស្សមត្តេយ្យសិក្សាបានទទួលសេវាអប់រំគ្រប់រូបភាព សរុប ២០.៤៣០ នាក់ ស្រី ៥០,៧៨% សិស្សបឋមសិក្សាសរុប ១០៤,០១១ នាក់ ស្រី ៤៨.១៧% សិស្សមធ្យមសិក្សាបឋមភូមិសរុប ៣៥.៣២៤ នាក់ ស្រី ៥២,៦៨% សិស្សមធ្យមសិក្សាទុតិយភូមិសរុប ១៨.៩២០ នាក់ ស្រី ៥៨,៤៨% បេក្ខជនមកប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋម ៨.២៦៦ នាក់ ស្រី ៥៥,៧៧ ភាគរយ បេក្ខជនប្រឡងជាប់ចំនួន ៧.៤៨៥ នាក់ ស្រី ៤.៣៣១ នាក់ ប្រឡងជាប់ ៩១,៥៨% ៕