( ត្បូងឃ្មុំ ): លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត និងជាប្រធានប្រតិបត្តិ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសារវីរៈកងទ័ព ចំនួន ៧ គ្រួសារ ដែលកំពុងពពោះ និងទើបសម្រាលកូនរួច ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២៥ ។
អំណោយទាំងនោះមាន គ្រឿងឧបភោគ-បរិភោគ សម្ភារ:សម្រាប់ទារកនិងម្ដាយ ព្រមទាំងថវិកាមួយចំនួន របស់សមាគមនារីខេត្ត ។
លោកជំទាវ ហេង សំអាន ប៉ែនកុសល្យ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមន៍នារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ។
លោកជំទាវក៏បានលើកទឹកចិត្តដល់ក្រុមគ្រួសារវីរៈកងទ័ព ឱ្យបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ ជាពិសេសគ្រួសារកងទ័ព និងវីរៈកងទ័ពជួរមុខ ។
លោកជំទាវបានបញ្ជាក់ថា សម្ដេចបានខិតខំរក្សាបទឈប់បាញ់ ដើម្បីបញ្ឈប់សង្គ្រាមរវាងកម្ពុជា និងថៃ ដូច្នេះសូមបងប្អូនក្រុមគ្រួសារកងទ័ពកុំព្រួយបារម្ភណ៍ ។
លោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនកូនក្មួយ ដែលមានស្វាមីជាកងទ័ព ហើយកំពុងពពោះ ឬទើបសម្រាលកូនរួច ឱ្យថែរក្សាសុខភាព អនាម័យ និងបរិភោគអាហារបំប៉នគ្រប់គ្រាន់ ដើម្បីសុខភាពម្ដាយនឹងទារកល្អប្រសើរ ជាពិសេសនៅរដូវភ្លៀងនេះ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុខភាពទារក ៕
