(ត្បូងឃ្មុំ): ក្នុងរយៈពេល ៣ ថ្ងៃខេត្តត្បូងឃ្មុំទទួលបានភ្ញៀវទេសចរណ៍សរុបចំនួន ៨៦៣.៣៣១ នាក់ ក្នុងនោះប្រជាពលរដ្ឋដើរកម្សាន្តវិលល្ងាច ៨៦៣.១៨៧ នាក់ ទេសចរណ៍ជាតិ ស្នាក់នៅ ១២១ នាក់ ទេសចរបរទេស ២៣ នាក់ តាមរយៈតួលេខនេះ បង្ហាញថាចំនួនភ្ញៀវទេសចរ មានការ កើនឡើង ២០,៥៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥ ដែលមានចំនួន ៧១៦.០៥៥ នាក់ នេះបើតាមរបាយការណ៍ផ្លូវការពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៦ បានឱ្យដឹងថា ក្នុងរយៈពេល ៣ ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរមកកម្សាន្តយ៉ាងកុះករគួរឱ្យកត់សម្គាល់ ។

រដ្ឋបាលខេត្តត្បូងឃ្មុំ មានកំណើនភ្ញៀវទេសចរណ៍នេះ គឺដោយសារការរៀបចំពីសំណាក់រដ្ឋបាលខេត្ត ក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ដែលបានបង្កើតកម្មវិធីកម្សាន្តជាច្រើនដូចជា ការលេងល្បែងប្រជាប្រិយខ្មែរ មានទាញព្រ័ត្រ លាក់កន្សែង វាយក្អម និងលោតបាវ ដែលបង្កើតបរិយាកាសសប្បាយរីករាយយ៉ាងខ្លាំង ។

ការតាំងពិព័រណ៍មានស្ដង់ផលិតផល “ភូមិមួយផលិតផលមួយ” បង្ហាញពីសក្តានុពលមូលដ្ឋានផងដែរ ។

ការកម្សាន្តពេលរាត្រី ការប្រគុំតន្ត្រីសម័យខ្នាតយក្ស អមដោយការតុបតែងភ្លើងលម្អយ៉ាងប្រណីត បង្កើតបានជាផ្ទាំងទស្សនីយភាពដ៏ជក់ចិត្ត ។

សូមបញ្ជាក់ជូនថា បើទោះបីជាចំនួនមនុស្សយ៉ាងច្រើនកុះករយ៉ាងណាក្តី រដ្ឋបាលខេត្ត បានសហការជាមួយកងកម្លាំងប្រដាប់អាវុធ ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈបានយ៉ាងល្អប្រសើរ បង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋដើរកម្សាន្តដោយក្តីសប្បាយរីករាយ និងគ្មានក្តីកង្វល់ ។

ជោគជ័យនៃព្រឹត្តិការណ៍សង្ក្រាន្តត្បូងឃ្មុំឆ្នាំ ២០២៦ នេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើន នៃវិស័យទេសចរណ៍ក្នុងខេត្ត និងការរៀបចំដ៏មានប្រសិទ្ធភាពរបស់អាជ្ញាធរដែនដី ដែលធ្វើឱ្យខេត្តត្បូងឃ្មុំ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញបំផុតមួយក្នុងឱកាសបុណ្យប្រពៃណីជាតិ ៕
