You are currently viewing ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ២០២៥-២០៣៥» ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០

ក្រសួងអភិវឌ្ឍន៍ជនបទ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ផ្សព្វផ្សាយគោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ២០២៥-២០៣៥» ដើម្បីពង្រឹងប្រសិទ្ធភាពការងារនៅមូលដ្ឋាន និងឆ្ពោះទៅសម្រេចចក្ខុវិស័យឆ្នាំ ២០៥០

(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយ «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍជនបទ ឆ្នាំ ២០២៥-២០៣៥» នៅសាលប្រជុំរំដួល (ខាងលើមន្ទីរធម្មការ និងសាលាខេត្ត) នាព្រឹកថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ២០២៦ ។


លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ បានលើកទឹកចិត្តដល់មន្ត្រីរាជការ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការក្រេបជញ្ជក់ចំណេះដឹងពីគោលនយោបាយថ្មីនេះ ដើម្បីយកទៅផ្សព្វផ្សាយបន្ត និងអនុវត្តឱ្យចេញជាលទ្ធផលជាក់ស្តែង ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ។


លោកអភិបាលរងខេត្តបានជំរុញឱ្យមន្ទីរអភិវឌ្ឍន៍ជនបទ និងអាជ្ញាធរពាក់ព័ន្ធ បង្កើនកិច្ចសហការជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីកៀរគរធនធានមកអភិវឌ្ឍន៍មូលដ្ឋានឱ្យទាន់ពេលវេលា ស្របតាមតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ។


លោក ម៉ៅ ឌុង បានគូសបញ្ជាក់ថា «ការអភិវឌ្ឍជនបទ គឺជាផ្នែកមួយមិនអាចខ្វះបាន ក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ។


លោកអភិបាលរងខេត្តបានសំណូមពរដល់ក្រសួងអភិវឌ្ឍន៍ជនបទ មេត្តាបន្តបង្កើនកញ្ចប់ថវិកា និងវគ្គបណ្តុះបណ្តាលបច្ចេកទេសដល់មន្ត្រីមូលដ្ឋាន ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព ។


លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា គោលនយោបាយជាតិស្តីពី «ការអភិវឌ្ឍជនបទ ឆ្នាំ ២០២៥-២០៣៥» គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់សម្រាប់ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងជាសសរស្តម្ភគាំទ្រដល់ការសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ។


លោកជំទាវបានបន្តថា គោលនយោបាយនេះ បានផ្តោតលើតំបន់ភូមិសាស្ត្រចម្រុះ រួមមានតំបន់ទំនាប តំបន់ជុំវិញបឹងទន្លេសាប តំបន់ឆ្នេរ និងតំបន់ខ្ពង់រាប ជាពិសេសគឺការអភិវឌ្ឍនៅតាមបន្ទាត់ព្រំដែន ដើម្បីប្រែក្លាយទៅជាតំបន់សន្តិភាព និងសហប្រតិបត្តិការ គោលដៅយុទ្ធសាស្ត្រសំខាន់ៗទាំង ៤ រួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ឱ្យមានភាពប្រទាក់ក្រឡាគ្នា ការលើកកម្ពស់សុខភាព និងអាយុសង្ឃឹមរស់ របស់ប្រជាជន ជនបទ ការបង្កើតភូមិឋានដែលមានសេចក្តីសុខក្សេមក្សាន្ត និងបរិស្ថានល្អ និងការជំរុញកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព ។


លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយនាពេលនេះ គឺជាយុទ្ធនាការយុទ្ធសាស្ត្រមួយក្នុងការបង្កើនការយល់ដឹង កៀរគរការចូលរួម និងផ្សារភ្ជាប់គោលនយោបាយថ្នាក់ជាតិ ទៅកាន់ការអនុវត្តនៅថ្នាក់ក្រោមជាតិ ឱ្យកាន់តែជិតស្និទ្ធ ដើម្បីសម្រេចឱ្យបាននូវទស្សនវិស័យអភិវឌ្ឍន៍ជាតិឆ្នាំ ២០៣០ និង ២០៥០ នាពេលខាងមុខ ៕