
( ត្បូងឃ្មុំ ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ បានអញ្ជើញសូត្រមន្តចម្រើនព្រះបរិត្ត និងសំណេះសំណាលជាមួយមន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ តាមបែបសាសនា ដោយមានការសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីបណ្តេញគ្រោះចង្រៃឆ្នាំចាស់ និងទទួលពរជ័យសិរីសួស្តីពីទេវតាឆ្នាំថ្មី នាថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៦ ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានមានប្រសាសន៍សំណេះសំណាលយ៉ាងជិតស្និទ្ធជាមួយមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដោយឯកឧត្តមបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចកន្លងមក ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យមានការរីកចម្រើនជាលំដាប់។ ទន្ទឹមនឹងនោះ ឯកឧត្តមក៏បានជូនពរដល់មន្ត្រីរាជការទាំងអស់ សូមឱ្យជួបតែសេចក្តីសុខ សុភមង្គល និងទទួលបានជោគជ័យគ្រប់ភារកិច្ចក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដែលនឹងឈានចូលមកដល់ក្នុងពេលឆាប់ៗនេះ ។

ឯកឧត្តមបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ខាងមុខនេះ រដ្ឋបាលខេត្តត្បូងឃ្មុំ នឹងរៀបចំ «សង្ក្រាន្តត្បូងឃ្មុំ» នៅបរិវេណមុខសាលាខេត្ត ដោយមានការលេងល្បែងប្រជាប្រិយខ្មែរជាច្រើនទម្រង់ ព្រមទាំងការប្រគំតន្ត្រីរាំលេងកម្សាន្តសប្បាយ អបអរសាទរការយាងចុះមកគ្រងជម្ពូទ្វីបរបស់ទេវតាឆ្នាំថ្មី ព្រះនាម រាក្យសាទេវី បុត្រីទី ៣ នៃកបិលមហាព្រហ្ម ពិសេសនាពេលរាត្រី ក៏មានការប្រគំតន្ត្រីខ្នាតធំដោយមានការចូលរួមពីតារាល្បីៗ ការតាំងពិព័រណ៍ផលិតផលក្នុងស្រុក ការបាញ់ទឹកតាមចង្វាក់ភ្លេងនៅបរិវេណមាត់ទន្លេសិប្បនិម្មិត និងកន្លែងថតរូបអនុស្សាវរីយ៍ស្អាតៗជាច្រើន ។

ឯកឧត្តមបាមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អញ្ជើញមកចូលរួមក្នុងព្រឹត្តិការណ៍សង្ក្រាន្តខេត្តត្បូងឃ្មុំឱ្យបានច្រើនកុះករ ដើម្បីអបអរសាទរពិធីបុណ្យជាតិយើង ក្នុងស្មារតីសាមគ្គីភាព និងក្តីសប្បាយរីករាយទាំងអស់គ្នា ៕
