(ត្បូងឃ្មុំ): រដ្ឋបាលខេត្តត្បូងឃ្មុំ បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី ២៣ អាណត្តិទី ៤ ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពការងារប្រចាំខែមីនា និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីៗ ជាពិសេសការត្រៀមលក្ខណៈរក្សាសន្តិសុខក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នារសៀលថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៦ នៅសាលប្រជុំ ខ សាលាខេត្ត ។

លោក ហ៊ាង សុភី នាយកទីចាត់ធនធានមនុស្ស នៃរដ្ឋបាលខេត្ត បានអានសេចក្តីប្រកាសស្ដីពីការទទួលស្គាល់សមាសភាពសមាជិកក្រុមប្រឹក្សាខេត្តថ្មី ១ រូប ដោយអង្គប្រជុំបានទទួលស្គាល់ ឯកឧត្តម យៀ វឿន ជាសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំថ្មី ជំនួស ឯកឧត្តម យីន គឹមហ៊ន ដែលបានទទួលមរណភាពនាពេលកន្លងទៅ ។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងការអបអរសាទរ និងសង្ឃឹមថា សមាជិកថ្មីនឹងរួមចំណែកយ៉ាងសកម្មក្នុងការបំពេញភារកិច្ចជូនរដ្ឋបាលខេត្តឱ្យកាន់តែមានប្រសិទ្ធភាព ។

ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានណែនាំដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើការតាក់តែងឯកសាររដ្ឋបាល ទាំងអក្ខរាវិរុទ្ធ និងខ្លឹមសារ ឱ្យស្របតាមគំរូច្បាប់ ។ ឯកឧត្តម ក៏បានឯកភាពរាល់លទ្ធផលដែលរដ្ឋបាលខេត្ត អនុវត្តបាន ប្រចាំខែមីនា ឆ្នាំ ២០២៦ ព្រមទាំងសូមឱ្យធ្វើការកែតម្រូវនូវរាល់សកម្មភាពការងារមួយចំនួន និងពិនិត្យអក្ខរាវិរុទ្ធឱ្យបានត្រឹមត្រូវផងដែរ ។

ឯកឧត្តម ឡុង ធាម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់គណៈអភិបាលខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានសហការគ្នាជាធ្លុងមួយ ក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ត្រឹមត្រូវ និងមានតម្លាភាព។ ទន្ទឹមនឹងនោះ ត្រូវរួមគ្នាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អប្រសើរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋ ។
ឯកឧត្តម មានជំនឿចិត្តយ៉ាងមុតមាំថា តាមរយៈការអនុវត្តតាមស្មារតីខាងលើ ខេត្តត្បូងឃ្មុំនឹងបន្តឈានទៅមុខ និងមានការរីកចម្រើនលើគ្រប់វិស័យជាបន្តបន្ទាប់ទៀត ។

ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្ត បានណែនាំដល់មន្ទីរអង្គភាពជុំវិញខេត្តទាំងអស់ ត្រូវបង្កើនកិច្ចសហការគ្នាឱ្យបានល្អប្រសើរ ជាពិសេសកងកម្លាំងប្រដាប់អាវុធ ត្រូវតែម្ចាស់ការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈឱ្យបានខ្ជាប់ខ្ជួន និងត្រូវត្រៀមលក្ខណៈសម្បត្តិឱ្យបានរៀបរយ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងខិតជិតចូលមកដល់នាពេលឆាប់ៗខាងមុខនេះ សំដៅបង្កលក្ខណៈសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ ៕
