You are currently viewing ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ដឹកនាំរៀបចំពិធីបុណ្យឆ្លងដំបូលព្រះវិហារថ្មី វត្តនាគវ័ន្ត និងប្រារព្ធពិធីចម្រើនជន្មាយុ នៅស្រុកក្រូចឆ្មារ

ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ ដឹកនាំរៀបចំពិធីបុណ្យឆ្លងដំបូលព្រះវិហារថ្មី វត្តនាគវ័ន្ត និងប្រារព្ធពិធីចម្រើនជន្មាយុ នៅស្រុកក្រូចឆ្មារ

( ត្បូងឃ្មុំ ): ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា បានដឹកនាំរៀបចំពិធីបុណ្យសាសនា ដើម្បីឆ្លងដំបូលព្រះវិហារថ្មី នៃវត្តនាគវ័ន្ត (រកាខ្នុរក្រោម) ព្រមទាំងប្រារព្ធពិធីចម្រើនជន្មាយុគម្រប់ ៧៤ ឆ្នាំ ជូនដល់ឯកឧត្តមផ្ទាល់ នារសៀលថ្ងៃទី ១៩ និងព្រឹកថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៦ ស្ថិតក្នុងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។


ពិធីបុណ្យរយៈពេល ២ ថ្ងៃនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រធានពន្ធនាគារខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង/ស្រុក និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។


កម្មវិធីបុណ្យ នៅរសៀលថ្ងៃទី ១៩ មីនា មានប្រារព្ធធ្វើកិច្ចពិធីសាសនាចាប់ផ្ដើមដោយការនមស្សការព្រះរតនត្រ័យ និងហោមពិធីក្រុងពាលីតាមបែបបុរាណ។ ក្នុងនោះ ក៏មានការនិមន្ត សម្ដេចព្រះឧត្តមបញ្ញា កិត្តិបណ្ឌិត ដួង ផង់ នន្ទិយោ និងព្រះរាជាគណៈ ៣៩អង្គ ដើម្បីចម្រើនព្រះបរិត្ត ជ័យមង្គល និងសម្ដែងព្រះធម៌ទេសនា ។


លុះព្រឹកឡើងថ្ងៃទី ២០ មីនា ជាថ្ងៃចម្រើនវឌ្ឍនាជន្មាយុ ៧៤ ឆ្នាំ របស់ឯកឧត្តម ជា សុផារ៉ា ដោយមានការប្រារព្ធពិធីដាពិស្ដា និងការរាប់បាត្រប្រគេនព្រះសង្ឃជិត ១០០ អង្គ ដើម្បីទទួលយកមគ្គផល និងឧទ្ទិសកុសលតាមជំនឿសាសនា ។


សមិទ្ធផលដំបូលព្រះវិហារ និងការអភិវឌ្ឍនានាក្នុងវត្តនាគវ័ន្តនេះ គឺជាសទ្ធាជ្រះថ្លាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ជា សុផារ៉ា និងលោកជំទាវ តាន់ ម៉ាលី ជាសុផារ៉ា ព្រមទាំងក្រុមគ្រួសារ ដើម្បីទុកជាប្រយោជន៍ដល់ព្រះសង្ឃ និងពុទ្ធបរិស័ទប្រើប្រាស់ក្នុងកិច្ចការសាសនា ។


ពិធីបិណ្យនេះ មិនត្រឹមតែបង្ហាញពីការគោរពប្រតិបត្តិក្នុងវិស័យព្រះពុទ្ធសាសនាប៉ុណ្ណោះទេ គឺជាឱកាសដែលមន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សម្ដែងនូវការដឹងគុណចំពោះ ឯកឧត្តម ជា សុផារ៉ា ដែលតែងតែលះបង់ធនធាន និងកម្លាំងកាយចិត្ត ដើម្បីលើកកម្ពស់សីលធម៌សង្គម និងការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន ៕