You are currently viewing មន្ទីរពាណិជ្ជកម្មខេត្ត និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សហការរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹងពីបទដ្ឋានច្បាប់ពាណិជ្ជកម្ម មុនចាប់ផ្តើមដំណើរការអាជីវកម្ម ជូនដល់អ្នកពាក់ព័ន្ធ ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម

មន្ទីរពាណិជ្ជកម្មខេត្ត និងសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សហការរៀបចំសិក្ខាសាលា ស្តីពីការយល់ដឹងពីបទដ្ឋានច្បាប់ពាណិជ្ជកម្ម មុនចាប់ផ្តើមដំណើរការអាជីវកម្ម ជូនដល់អ្នកពាក់ព័ន្ធ ទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែម

(ត្បូងឃ្មុំ): ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការយល់ដឹងពីបទដ្ឋានច្បាប់ពាណិជ្ជកម្ម មុនចាប់ផ្តើមដំណើរការអាជីវកម្ម ដែលរៀបចំ និងគាំទ្រដោយមន្ទីរពាណិជ្ជកម្មខេត្ត សហការជាមួយសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំរំដួល ផ្នែកខាងលើ នៃមន្ទីរធម្មការ និងសាសនាខេត្ត នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ លោកឧញ៉ា សុខ ហ៊ាង ប្រធានសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងលោកអនុប្រធាសភា, ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល-អភិបាលរងក្រុង/ស្រុក ឃុំ និង ច្រកចេញចូលតែមួយសាលាខេត្ត តំណាងក្រុមហ៊ុន សហគ្រាស ពាណិជ្ជករ លោកគ្រូ អ្នកគ្រូ និស្សិតសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ សិស្សានុសិស្ស នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ និងអ្នកពាក់ព័ន្ធជាច្រើនរូប។

លោក តូច សុខន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តត្បូងឃ្មុំ បានអានរបាយការណ៍ដោយសង្ខេប ជូនអង្គពិធីជ្រាប អំពីមុខងារ និងភារកិច្ចត្រូវទទួលខុសត្រូវ និង ការអនុវត្តកិច្ចការងារ របស់មន្ទីរ និងបានលើកឡើងថា ក្រសួងពាណិជ្ជកម្ម ដែលមន្ទីរតាមបណ្តារាជធានី-ខេត្ត ជាសេនាធិកា បានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ក្នុងការការចុះបញ្ជីពាណិជ្ជកម្ម ការចុះបញ្ជីម៉ាក នីតិវិធីនាំចេញ-នាំចូល ការស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ CO ដែលត្រូវបានដាក់ឲ្យអនុវត្តតាមប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងគោលដៅដើម្បីពង្រឹងសមត្ថភាព និងការយល់ដឹងអំពីបទដ្ឋានច្បាប់ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម លើការងារធ្វើធុរកិច្ច ពាណិជ្ជកម្ម និងការប្រកបអាជីវកម្មផ្សេងៗ នៅមុនពេលចាប់ផ្តើមបើកដំណើរការសកម្មភាពអាជីវកម្ម។

ក្នុងឱកាសនេះ ឯកឧត្តម កេង ប៊ុនណា អភិបាលរងខេត្ត បានមានប្រសាសន៍ថា ក្នុងបរិបទដែលរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងជំរុញយ៉ាងសកម្មផុសផុលនូវការអនុវត្តគោលនយោបាយវិមជ្ឈការ និង វិសហមជ្ឈការ ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសាធារណៈកាន់តែកៀកកិតជាមួយប្រជាពលរដ្ឋ ជំរុញការអភិវឌ្ឍន៍ឱ្យមានគុណភាព ប្រសិទ្ធភាព ចីរភាព។ កម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏បានគិតគូជាគោលការណ៍លើកទឹកចិត្ត និងអនុគ្រោះផ្សេងៗ ផ្តល់ជូនសម្រាប់ការអភិវឌ្ឍន៍ផ្នែកឯកជន ដែលវិស័យនេះជាកត្តារួមចំណែកដល់កំណើនសេដ្ឋកិច្ចជាតិដ៏សំខាន់ ក្នុងការរៀបចំយុទ្ធសាស្ត្រ ដើម្បីបង្កើតបរិស្ថានធុរៈកិច្ចឲ្យកាន់តែប្រសើរឡើង សម្រាប់លើកកម្ពស់វិស័យឯកជន សំដៅដល់ការជម្រុញ លើកកម្ពស់ និង ពង្រឹងសមត្ថភាពសហគ្រាសខ្នាតមីក្រូ ធនតូច និងមធ្យម MSME និង ការទាក់ទាញវិនិយោគផងដែរ។

ឯកឧត្តមអភិបាលរង បន្តថា ការចុះបញ្ជីអាជីវកម្ម គឺជាជំហានដំបូង និងសំខាន់បំផុតសម្រាប់អ្នកធ្វើអាជីវកម្ម ដើម្បីឲ្យអាជីវកម្មក្លាយជាអាជីវកម្មផ្លូវច្បាប់ ជាពិសេសអាចនាំឈានទៅការទទួលបានការគាំទ្រពីរាជរដ្ឋាភិបាល។ ជាមួយនេះ ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម និងលិខិតអនុញ្ញាតធ្វើអាជីវកម្មលក់ដុំ រាយ សម្ភារៈកសិកម្ម ក៏មិនតម្រូវឱ្យសុំសេវា រដ្ឋបាលផងដែរ។ ដូចនេះ ដើម្បីអាចទទួលបានអត្តសញ្ញាណកម្មអាជីវកម្ម ម្ចាស់អាជីវកម្មប្រកបខ្នាតតូចបំផុត ឬ តូចតាច អាចចុះឈ្មោះជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយខ្លួនឯងបាន(លើApp ទូរស័ព្ទដៃ Cam-IE)។ ដែលការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត មិនមានការបង្ខិតបង្ខំ និង មិនគិតថ្លៃអ្វីទាំងអស់។ ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មិនត្រឹមតែដើម្បីឱ្យម្ចាស់អាជីវកម្ម ទទួលបានអត្តសញ្ញាណ និងវិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទទួលស្គាល់ផ្លូវការប៉ុណ្ណោះទេ ប៉ុន្តែនឹងបើកផ្លូវទៅកាន់ឱកាសរីកចម្រើន និងការ គាំទ្រនានាបន្ថែមទៀត។ វិញ្ញាបនបត្រនេះ បញ្ជាក់អត្តសញ្ញាណសម្រាប់មុខរបរ អាជីវកម្ម និងការងាររបស់បងប្អូន ដែលមានការទទួលស្គាល់ពីគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងអាចយកទៅប្រើប្រាស់ជាផ្លូវការបានជាមួយវិស័យឯកជនផងដែរ។

ឯកឧត្តម កេង ប៊ុនណា បានគូសបញ្ជាក់ថា សិក្ខាសាលា ស្តីពី “ការយល់ដឹងពីបទដ្ឋានច្បាប់ពាណិជ្ជកម្ម មុនចាប់ផ្តើមអាជីវកម្ម” នាពេលនេះ បានផ្តល់ចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមទៀត នឹងជួយផ្តល់នូវចំណេះដឹងមួយផ្នែក ដល់សិក្ខាកាមយើងទាំងអស់គ្នា ដើម្បីស្វែងយល់អំពីទិដ្ឋភាពច្បាប់ និងការអនុវត្ត ពាក់ព័ន្ធនឹងកិច្ចការប្រចាំថ្ងៃ និងការប្រកបរបរផ្សេងៗ ទៅតាមចំណាត់ថ្នាក់នៃអាជីវកម្មណាមួយ ដែលត្រូវចុះបញ្ជីអាជីវកម្ម ដោយសូមលើកទឹកចិត្ត និងជម្រុញឲ្យចុះបញ្ជីជាចាំបាច់ សម្រាប់ទទួលបានអត្ថប្រយោជន៍ផ្សងៗនៃការប្រកបអាជីវកម្មស្របច្បាប់នេះ៕