You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រឹងយុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀនឱ្យកាន់តែសកម្ម ដើម្បីសម្រេចគោលដៅ «សហគមន៍គ្មានគ្រឿងញៀន»

រដ្ឋបាលខេត្តត្បូងឃ្មុំ ពង្រឹងយុទ្ធសាស្ត្របង្ក្រាបគ្រឿងញៀនឱ្យកាន់តែសកម្ម ដើម្បីសម្រេចគោលដៅ «សហគមន៍គ្មានគ្រឿងញៀន»

(ត្បូងឃ្មុំ): លោក ណុប ឡងឌី អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខេត្ត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងដាក់ចេញនូវទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ ២០២៦ នារសៀលថ្ងៃទី ១១ ខែមីនា ឆ្នាំ ២០២៦ ។


លោក ណុប ឡងឌី បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារលេខាធិការដ្ឋាន និងអាជ្ញាធរមូលដ្ឋាន ដែលបានបំពេញបេសកកម្មយ៉ាងសកម្មនាពេលកន្លងមក។ ឯកឧត្តមបានថ្លែងសង្កត់ធ្ងន់ថា លេខាធិការដ្ឋានត្រូវបន្តដើរតួនាទីជាសេនាធិការដ៏រឹងមាំ ក្នុងការរៀបចំផែនការ តាមដាន និងវាយតម្លៃលើវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសគ្រឿងញៀន រួមទាំងការចរាចរណ៍សារធាតុគីមីផ្សំខុសច្បាប់ក្នុងភូមិសាស្ត្រខេត្ត ។


លោកប្រធានលេខាធិការដ្ឋានខេត្ត បានបន្តទៀតថា ក្រុមការងារលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវរៀបចំឯកសារពាក់ព័ន្ធការងារបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀននៅក្នុងខេត្ត ដាក់ជូនរបៀបវារៈ នៃអង្គប្រជុំ គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត និងសហការជិតស្និទ្ធជាមួយគណៈបញ្ជាការឯកភាពខេត្ត ក្រុង ស្រុក និងអង្គភាពជំនាញពាក់ព័ន្ធ ក្តាប់សភាពការណ៍បទល្មើសគ្រឿងញៀន រាយការណ៍ជូន គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ប្រចាំថ្ងៃ សប្តាហ៍ ខែ ត្រីមាស ឆមាស និង ឆ្នាំ ដើម្បីមាន វិធានការដោះស្រាយ ឱ្យបានទាន់ពេលវេលា ។


លោកអភិបាលរងខេត្ត បានណែនាំដល់លេខាធិការដ្ឋាននៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត រដ្ឋបាលក្រុង-ស្រុកទាំង ៧ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់រៀបចំផែនការអប់រំ និងចុះផ្សព្វផ្សាយឱ្យដល់មូលដ្ឋាន ស្របតាមស្មារតីនៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី ១១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទន្ទឹមនឹងនេះ ត្រូវជំរុញការផ្សព្វផ្សាយ និងប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ ‘NoDrug’ ឱ្យបានទូលំទូលាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការរាយការណ៍បទល្មើស និងស្វែងយល់ពីគ្រោះថ្នាក់នៃគ្រឿងញៀន បន្ថែមលើនេះ ត្រូវពង្រឹងកិច្ចសហការស្អិតរមួតរវាងកម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ក្នុងការស្រាវជ្រាវ និងបង្ក្រាបនៅតាមតំបន់ហានិភ័យខ្ពស់ ព្រមទាំងរាយការណ៍រាល់ស្ថានភាពបទល្មើសឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។


លោក ណុប ឡងឌី បានគូសបញ្ជាក់ថា ការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន មិនមែនជាភារកិច្ចរបស់ស្ថាប័នណាមួយដាច់ដោយឡែកនោះទេ ប៉ុន្តែគឺជាកាតព្វកិច្ចរួមរបស់អាជ្ញាធរ យុវជន និងប្រជាពលរដ្ឋគ្រប់រូប ដើម្បីរួមគ្នាកសាងសហគមន៍ឱ្យមានសុវត្ថិភាព សុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ៕