(ខេត្តត្បូងឃ្មុំ): ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ អមដំណើរដោយឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលករចំណាកស្រុកដែលទើបវិលត្រឡប់មកពីប្រទេសថៃ និងកំពុងរស់នៅក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ កាកពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ពិធីនេះមានការចូលរួមពីប្រតិភូក្រសួង ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលករជាច្រើនរូប ។

បន្ទាប់ពីស្តាប់របាយការណ៍ស្វាគមន៍របស់ លោក សុខ សារិទ្ធ អភិបាលស្រុកតំបែររួចមក ឯកឧត្តមបណ្ឌិត ចាយ បូរិន បានពាំនាំនូវការសាកសួរសុខទុក្ខប្រកបដោយក្តីនឹករលឹកពីសំណាក់ សម្ដេចអគ្គមហាសេនាបតី ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ព្រមទាំងលោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ដែលជានិច្ចកាលថ្នាក់ដឹកនាំតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះបងប្អូនពលករ និងបានលើកទឹកចិត្តឱ្យបងប្អូនស្វែងរកការងារធ្វើនៅក្នុងស្រុកវិញ ដោយបច្ចុប្បន្ន ប្រទេសកម្ពុជា ជាពិសេសក្នុងខេត្តត្បូងឃ្មុំ មានតម្រូវការកម្លាំងពលកម្មជំនាញជាច្រើន នៅតាមបណ្តាក្រុមហ៊ុន និងសហគ្រាសនានា ។

ឯកឧត្តមបានបញ្ជាក់ថា ប្រសិនបើបងប្អូនមិនទាន់មានជំនាញ អាចចុះឈ្មោះរៀនជំនាញបច្ចេកទេសដោយឥតគិតថ្លៃនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ដើម្បីមានជំនាញច្បាស់លាស់ ងាយស្រួលទទួលបានឱកាសការងារល្អៗក្នុងស្រុក ។

ពាក់ព័ន្ធនឹងបញ្ហាការពារបូរណភាពទឹកដី ឯកឧត្តមបណ្ឌិត ចាយ បូរិន បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមមានភាពជឿជាក់ និងគាំទ្រចំពោះយុទ្ធសាស្ត្រ “ស្ងាត់ តែមិនស្ងៀម” របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចំពោះបញ្ហាការឈ្លានពានទឹកដីពីសំណាក់សៀម ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការដឹកនាំប្រកបដោយភាពប្រាកដនិយម និងភាពអត់ធ្មត់នេះ បានធ្វើឱ្យពិភពលោកកោតសរសើរ និងនាំមកនូវជោគជ័យជូនជាតិមាតុភូមិ ។

បន្ទាប់ពីជំនួបជាមួយបងប្អូនពលករ ឯកឧត្តមបណ្ឌិត ចាយ បូរិន និងឯកឧត្តម ប៉ែន កុសល្យ ក៏បានបន្តដំណើរចុះសួរសុខទុក្ខអតីតក្រុមប្រឹក្សាឃុំ-ស្រុកចំនួន ២០នាក់ ដែលបានចូលនិវត្តន៍ក្នុងស្រុកតំបែរ ។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះគុណបំណាច់របស់ពួកគាត់ ក្នុងការអភិវឌ្ឍមូលដ្ឋានកន្លងមក និងបានសំណូមពរឱ្យបន្តចែករំលែកបទពិសោធន៍ល្អៗដល់ថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមគ្នាជំរុញការរីកចម្រើនរបស់ជាតិ ស្របតាមការអនុវត្ត «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» ៕
