( ត្បូងឃ្មុំ ): លោក ណុប ឡងឌី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាការពិនិត្យ និងវាយតម្លៃ កែប្រែរបស់ទណ្ឌិតនៅពន្ធនាគារខេត្ត បានអញ្ជើញបើកកិច្ចប្រជុំពិភាក្សា លើការស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតក្នុងឱកាស ពិធីបុណ្យវិសាខបូជា ឆ្នាំ ២០២៦ និងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែខាងមុខនេះ នៅសាលប្រជុំ ក សាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ ។

លោក ណុប ឡងឌី អភិបាលរងខេត្ត បានស្នើឱ្យមន្ត្រីជំនាញ និង សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវពិនិត្យ និងពិភាក្សាអោយបានល្អិតល្អន់ និងគ្រប់ជ្រុងជ្រោយ ក្នុងការបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិត ធ្វើយ៉ាងណាសមស្របទៅនឹងច្បាប់ និងគោលការណ៍ណែនាំនានា សំដៅជ្រើសរើសបានទណ្ឌិតដែលបានស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោស ជាអ្នកមានការតាំងចិត្តកែប្រែខ្លួនអោយក្លាយជាពលរដ្ឋល្អក្នុងសង្គមជាតិពិតប្រាដក អាចរស់នៅប្រកបដោយសេចក្តីសុខជាមួយក្រុមគ្រួសារ ក៏ដូចជាក្នុងសង្គមទាំងមូល ។

លោកអភិបាលរងខេត្តបន្តថា ទណ្ឌិតទាំងឡាយដែលអាចស្នើសុំការបន្ធូរបន្ថយទោស និងលើកលែងទោសត្រូវមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមលក្ខខណ្ឌកំណត់ដោយច្បាប់ សម្រាប់ទោសដែលមិនមែនជាកម្មវត្ថុក្នុងការលើកលែងទោស បន្ធូរបន្ថយទោស ឬពិបាកក្នុងការលើកលែងទោស និងបន្ថយទោសនោះគឺមានដូចជាទោស ចាប់ជំរិតទារប្រាក់ ប្លន់សម្លាប់ រំលោភសម្លាប់ឃាត់កម្មសាហាវឃោរឃៅ ទោសផលិត និងជួញដូរគ្រឿងញៀន ភារវកម្ម ជនប្រដាប់អាវុធ ទណ្ឌិតទទួលទោសច្រើនដង ទណ្ឌិតដែលជាប់ពន្ធនាគារច្រើនដង និងទណ្ឌិតធ្លាប់ល្មើសជាប់ពិន័យជាដើម ។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា បានកំណត់យកពិធីបុណ្យចំនួន ៥ សំរាប់ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសឲ្យទណ្ឌិត ក្នុងនោះមាន ទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ ៧ មករា ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពិធីបុណ្យវិសាខបូជា ពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ។

លោកឧត្តមអគ្គានុរក្សថ្នាក់លេខ ២ ម៉ុង ម៉េងអ៊ាន់ ប្រធានពន្ធនាគារខេត្តត្បូងឃ្មុំ បានឲ្យដឹងថា អង្គភាពពន្ធនាគារខេត្តត្បូងឃ្មុំ បានជ្រើសយកទណ្ឌិតចំនួន ៣៨ នាក់ ស្រី ៣ នាក់ មកដាក់ជូន គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃកម្រិតកែប្រែរបស់ទណ្ឌិត ក្នុងឱកាសទិវាក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ ២០២៦ សរុបចំនួន ២៤ នាក់ ស្រី ៣ នាក់ និងក្នុងឱកាសបុណ្យវិសាខបូជា ឆ្នាំ ២០២៦ សរុបចំនួន ១៤ នាក់ផងដែរ ៕
