(ត្បូងឃ្មុំ): ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងដោយមានការចូលរួមពីឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត (Aqua Tower) នៅសាលាឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នារសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥នេះ។ ក្នុងពិធីសម្ពោធនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ឹង សុខលាត ប្រធាននាយកដ្ឋានផែនការ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ប៊ែនចាមីន សឺលីធី (Benjamin Cerletti) អគ្គនាយកក្រុមហ៊ុន JTI ព្រមទាំងតំណាងក្រុមហ៊ុនប៉មចម្រោះទឹកស្អាត (Aqua Tower) ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត តំណាងមេបញ្ជាការកងកម្លាំងទាំង ៣ អាជ្ញាធរស្រុក ឃុំ និងភ្ញៀវជាតិ-អន្តរជាតិជាច្រើនរូប ។

ឯកឧត្តម ហុក ពេជ្រហោះ អភិបាលរងខេត្ត បានមានប្រសាសន៍ ក្នុងនាមឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ សូមកោតសរសើរចំពោះក្រុមហ៊ុន JTI ដែលជាក្រុមហ៊ុនថ្នាំជក់អន្តរជាតិឈានមុខគេមួយក្នុងប្រទេសកម្ពុជា ដោយបាននាំយក ប៉មចម្រោះទឹកស្អាត មានតម្លៃប្រមាណជាង ២ម៉ឺនដុល្លារ មកផ្តល់ជូនឃុំរកាខ្នុរយើងនេះ សម្រាប់ប្រើប្រាស់។ ដែលការផ្តល់ជូននេះ គឺបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគិតគូពីសុខទុក្ខ និងសុខុមាលភាព របស់ប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីឃុំ ប្រើប្រាស់ប្រកបដោយគុណភាពខ្ពស់សម្រាប់សុខភាព ។

ក្នុងឱកាសនេះ ឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងពរសព្វសារធុកាពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន , សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនចំពោះបងប្អូនទាំងអស់ សូមមានសុខភាពល្អ សេចក្តីសុខ និងសុភមង្គល។ នឹងក៏សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹកពី ឯកឧត្តម ជា សុផារ៉ា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលតែងតែរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ អស់រយៈពេល ២ទស្សវត កន្លងមក នៅក្នុងស្រុកក្រូចឆ្មារនេះ និងពិសេសគឺអ្នកស្រុករកាខ្នុរ ដែលជាស្រុកកំណើតរបស់ឯកឧត្តមផ្ទាល់ ។

ឯកឧត្តម បានថ្លែងអំណរគុណ ដល់លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI ដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចូលរួមអភិវឌ្ឍន៍សហគមន៍នៅមូលដ្ឋាន និងសេដ្ឋកិច្ចកម្ពុជា ។ ជាក់ស្តែង ការឧបត្ថម្ភនូវប៉មចម្រោះទឹកស្អាតជូនដល់ឃុំរកាខ្នុរនេះ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ បានប្រើប្រាស់ទឹកស្អាតប្រកបដោយគុណភាព និងសុខភាព ។

ឯកឧត្តម ផារ៉ា មង្គល បានគូសបញ្ជាក់ថា ក្រុមហ៊ុន JTI ជាក្រុមហ៊ុនផលិតថ្នាំជក់អន្តរជាតិឈានមុខគេមួយ នៅកម្ពុជា ដែលមានគោលបំណងចូលរួមជំរុញការដាំដំណាំថ្នាំជក់នៅកម្ពុជាឱ្យទទួលបាននូវទិន្នផលល្អ និងបានជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយបងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកក្រូចឆ្មារ ភាគច្រើនប្រកបរបរធ្វើស្រែចម្ការ និងដំាដំណាំថ្នាំជក់ ដើម្បីបង្កើនចំណូលបន្ថែម ក្នុងគ្រួសារ ។ ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ក៏បានស្នើសុំដល់ក្រុមហ៊ុន JTI គិតគូរអំពីការកែច្នៃថ្នាំជក់ ធ្វើថ្នាំធម្មជាតិសម្រាប់សម្លាប់មេរោគ, សិក្សាលទ្ធភាព ក្នុងការបើករោងចក្រកែច្នៃផលិតផលថ្នាំជក់ពាក់កណ្ដាលសម្រេច ឬផលិតផលសម្រេច សម្រាប់ធ្វើការនាំចេញ និងឈានទៅផលិតនូវប្រភេទផលិតផលពីថ្នាំជក់ ដែលមានតម្លៃថ្លៃ ផងដែរ ។

មុននឹងបញ្ចប់ ឯកឧត្តម ផារ៉ា មង្គល ក៏បានអំពាវនាវផងដែរ ក្នុងកាលៈទេសៈដ៏លំបាកនាពេលបច្ចុប្បន្ននេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមជឿជាក់លើរាជរដ្ឋាភិបាល និងរក្សាភាពអត់ធ្មត់ខ្ពស់ កុំឱ្យចាញ់បោកកលល្បិចរបស់ពួកសៀម ដែលព្យាយាមចាក់ឱ្យយើងខឹងច្រលោត ដែលអាចបង្កទៅជាកំហុសឆ្គងដោយអចេតនាផ្សេងៗ ៕
