You are currently viewing ព្រះអនុគណស្រុក និងរដ្ឋបាលស្រុកត្បូងឃ្មុំ រៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបង្សុកូលឧទ្ទិសកុសលជូនវីរកងទ័ពពលី

ព្រះអនុគណស្រុក និងរដ្ឋបាលស្រុកត្បូងឃ្មុំ រៀបចំពិធីបុណ្យផ្កាប្រាក់សាមគ្គី និងបង្សុកូលឧទ្ទិសកុសលជូនវីរកងទ័ពពលី

(ត្បូងឃ្មុំ): ក្នុងស្មារតីសាមគ្គីធម៌ និងកតញ្ញូតាធម៌ដ៏ខ្ពង់ខ្ពស់ចំពោះជាតិ សាសនា នាព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៦ នៅវត្តសិលារង្សីត្រពាំងថ្កូវ (វត្តចាស់) បានរៀបចំពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី និងពិធីបង្សុកូលឧទ្ទិសមហាកុសល ជូនដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព និងវីរនគរបាល ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ ។


ព្រះមធុរធម្មរង្សី វ៉ាន ដាវី ព្រះអនុគណស្រុកត្បូងឃ្មុំ និងជាព្រះចៅអធិការវត្តសិលារង្សីត្រពាំងថ្កូវ(វត្តចាស់) បានមានសង្ឃដីកាបញ្ជាក់ថា ព្រះពុទ្ធសាសនា វប្បធម៌ និងប្រពៃណីជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ និងចរិយាធម៌សង្គម ។


ជាពិសេស ជំនឿសាសនាបានរួមចំណែកធ្វើឱ្យសង្គមកម្ពុជាមានសុខសន្តិភាព វិបុលភាព និងស្ថិរភាព ព្រមទាំងជួយឱ្យប្រជាពលរដ្ឋរស់នៅជាមួយគ្នាដោយសុខដុមរមនា ជៀសផុតពីការរើសអើង និងអំពើហិង្សា ព្រមទាំងរក្សាបាននូវអត្តសញ្ញាណជាតិយ៉ាងរឹងមាំ ។


ពុទ្ធបរិស័ទដែលបានចូលរួម បានសម្តែងនូវសទ្ធាជ្រះថ្លា ចាប់មគ្គផលតាមកម្លាំងសទ្ធារៀងៗខ្លួន និងបានឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធមាតាបិតា ញាតិកាទាំងប្រាំពីរសន្តាន ក៏ដូចជាវីរយុទ្ធជនពលី ដែលបានលះបង់ដើម្បីជាតិមាតុភូមិ សូមឱ្យដួងវិញ្ញាណក្ខន្ធអ្នកទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។


នៅក្នុងកម្មវិធីបុណ្យនេះ ក៏មានការនិមន្តព្រះសង្ឃចំនួន ៧៥អង្គ ដើម្បីទទួលទេយ្យទាន និងចង្ហាន់បិណ្ឌបាត ដែលស្តែងឱ្យឃើញពីកម្លាំងសាមគ្គី និងសទ្ធាដ៏មុតមាំរបស់ពុទ្ធបរិស័ទ ជាមួយគ្នានេះ ព្រះអនុគណក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ និងសប្បុរសជនទាំងអស់ដែលបានចូលរួមចំណែក ។


គោលបំណងសំខាន់នៃពិធីបុណ្យនេះ គឺជាផ្នែកពុទ្ធចក្រ ដើម្បីប្រមូលបច្ច័យសទ្ធាពីសប្បុរសជនជិតឆ្ងាយ យកមកកសាងសមិទ្ធផលនានាក្នុងវត្ត ជាពិសេសការចាក់សាបបេតុងក្នុងបរិវេណវត្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការបំពេញបុណ្យកិរិយារបស់ព្រះសង្ឃ ក៏ដូចជាពុទ្ធបរិស័ទ ផ្នែកអាណាចក្រ និងកតញ្ញូតាធម៌ រៀបចំពិធីបង្សុកូល ដើម្បីឧទ្ទិសមហាកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ “វីរកងទ័ពកម្ពុជា” ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ក្នុងសមរភូមិ ដើម្បីការពារបូរណភាពទឹកដី ប្តូរយកសន្តិភាព និងសេចក្តីសុខក្សេមក្សាន្តជូនប្រជាជន ។


ពិធីបុណ្យផ្កាប្រាក់សាមគ្គីនេះ មិនត្រឹមតែជាការរួមចំណែកកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងវត្តអារាមប៉ុណ្ណោះទេ ប៉ុន្តែក៏ជាកាយវិការដ៏វិសេសវិសាល បង្ហាញពីមនសិការស្នេហាជាតិ ការដឹងគុណចំពោះបុព្វបុរស និងការរួមចំណែកពង្រឹងសុខដុមនីយកម្មក្នុងសង្គមជាតិឱ្យកាន់តែរឹងមាំ ក្រោមដំបូលនៃសុខសន្តិភាព ៕