You are currently viewing ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការម៉ឺងម៉ាត់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីការពារផ្លូវ និងអាយុជីវិតប្រជាពលរដ្ឋ

ថ្នាក់ដឹកនាំក្រសួងសាធារណការ និងអាជ្ញាធរខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការម៉ឺងម៉ាត់ទប់ស្កាត់រថយន្តដឹកលើសទម្ងន់ ដើម្បីការពារផ្លូវ និងអាយុជីវិតប្រជាពលរដ្ឋ

(ត្បូងឃ្មុំ): ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ និងលោក ប៉េង សម្បត្តិ អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «វិធានការទប់ស្កាត់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់» ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅសាលប្រជុំរំដួល (ជាន់លើមន្ទីរធម្មការ និងសាសនាខេត្ត) កាលពីរសៀលថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ ។


លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បានគូសបញ្ជាក់ថា បញ្ហាដឹកជញ្ជូនលើសទម្ងន់មិនត្រឹមតែបំផ្លាញផ្លូវថ្នល់ និងស្ពានប៉ុណ្ណោះទេ តែថែមទាំងជាឃាតករលាក់មុខគំរាមកំហែងដល់អាយុជីវិតប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិទៀតផង ។


លោក គី ដាណារិទ្ធ បន្តថា យោងតាមរបាយការណ៍ រយៈពេល ១១ ខែ ក្នុងឆ្នាំ ២០២៥ ខេត្តត្បូងឃ្មុំបានចុះបញ្ជីយានយន្តសរុប មានរថយន្តធុនធំ ១៤៤ គ្រឿង រថយន្តធុនតូច ១៤៣ គ្រឿង ទោចក្រយានយន្ត ៧.៣៤៧ គ្រឿង និងត្រីចក្រយានយន្ត ២៤៣ គ្រឿង ។


លោកប្រធានបន្ថែមថា ទន្ទឹមនឹងនេះ មន្ទីរបាននឹងកំពុងចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍យ៉ាងសកម្មដល់មូលដ្ឋាន ដើម្បីលុបបំបាត់ភាពអាណាធិបតេយ្យនៃការដឹកជញ្ជូន ។


ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ បានមានប្រសាសន៏សង្កត់ធ្ងន់ និងជំរុញដល់មន្ត្រីប្រចាំការនៅគ្រប់ស្ថានីយ៍ជញ្ជីងទាំងអស់ ត្រូវបំពេញតួនាទីដោយការទទួលខុសត្រូវខ្ពស់ និងម៉ឺងម៉ាត់បំផុតលើការថ្លឹងយានយន្ត ដោយមិនត្រូវអនុវត្តផ្ទុយពីគោលការណ៍ដែលក្រសួងបានកំណត់ឡើយ ។


ឯកឧត្តមរដ្ឋលេខាធិការ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន និងអាជីវករដឹកជញ្ជូនទាំងអស់ សូមចូលរួមគោរពច្បាប់ទាំងអស់គ្នា ដោយមិនត្រូវដឹកទំនិញលើសទម្ងន់កំណត់ជាដាច់ខាត ដើម្បីរួមចំណែកថែរក្សាសម្បត្តិសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ៕