You are currently viewing សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ លើកទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០២៦

សាលាឧទ្ធរណ៍ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បើកសន្និបាតបូកសរុបការងារឆ្នាំ ២០២៥ លើកទិសដៅយុទ្ធសាស្ត្រឆ្នាំ ២០២៦

 

(ត្បូងឃ្មុំ): សាលាឧទ្ធរណ៍ត្បូងឃ្មុំ និងមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៥ ដាក់ចេញនូវទិសដៅបន្តសម្រាប់ឆ្នាំ ២០២៦ ដើម្បីពង្រឹងប្រសិទ្ធភាពការងារតុលាការ និងលើកកម្ពស់គុណភាពនៃការផ្តល់សេវាយុត្តិធម៌ ជូនប្រជាពលរដ្ឋ នាព្រឹកថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២៦ ។


ឯកឧត្តម ហួត វុទ្ធី អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានមានប្រសាសន៍ថា សន្និបាតនេះមិនត្រឹមតែជាវេទិកាសម្រាប់ត្រួតពិនិត្យសកម្មភាពការងារប្រចាំឆ្នាំប៉ុណ្ណោះទេ គឺជាឱកាសដ៏សំខាន់ក្នុងការពិភាក្សា រិះរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា ដែលបានកើតឡើងកន្លងមក ។

 

ឯកឧត្តមអគ្គព្រះរាជអាជ្ញា នៃ
មហាអយ្យការអមសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំលះបង់កម្លាំងកាយចិត្ត បំពេញតួនាទីក្នុងវិស័យយុត្តិធម៌ដោយស្មារតីទទួលខុសត្រូវខ្ពស់ ចាប់តាំងពីការបង្កើតស្ថាប័ននេះមក ។


ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានលើកឡើងថា អនុលោមតាម យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ការពង្រឹងអភិបាលកិច្ច និងនីតិរដ្ឋ គឺជាស្នូលដ៏សំខាន់ ក្នុងនោះមុំទី៤ នៃយុទ្ធសាស្ត្របានផ្តោតលើការលើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ការប្រយុទ្ធប្រឆាំងអំពើអយុត្តិធម៌ក្នុងសង្គម និងការការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋ ។


ឯកឧត្តមប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ បានវាយតម្លៃខ្ពស់ចំពោះសាមគ្គីភាពផ្ទៃក្នុង និងសមិទ្ធផលដែលសម្រេចបានក្នុងឆ្នាំកន្លងទៅ ។


ឯកឧត្តមបានដាក់ចេញនូវការណែនាំដល់មន្ត្រីទាំងអស់ ឱ្យបន្តអនុវត្តការងារស្របតាមយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីរបស់ក្រសួងយុត្តិធម៌ ក៏ដូចជាយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ដើម្បីធានាឱ្យបាននូវសមភាពចំពោះមុខច្បាប់សម្រាប់បុគ្គលគ្រប់រូប ៕