You are currently viewing មន្ទីរការងារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦

មន្ទីរការងារខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារឆ្នាំ២០២៥ និងដាក់ចេញទិសដៅយុទ្ធសាស្ត្រថ្មីសម្រាប់ឆ្នាំ២០២៦

(ត្បូងឃ្មុំ): លោកម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅការងារបន្ត ឆ្នាំ ២០២៦ របស់មន្ទីរការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈខេត្តត្បូងឃ្មុំ និងបិទដោយលោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តត្បូងឃ្មុំ ស្ថិតនៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកាលពីថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ។


លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានរាយការណ៍ពីសមិទ្ធផលការងារប្រចាំឆ្នាំ ២០២៥ និងលើកទិសដៅឆ្នាំ ២០២៦ ជូនអង្គពិធីជ្រាប និងបានរំលេចនូវចំណុចគន្លឹះសំខាន់ៗ ដែលមន្ទីរសម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ រួមមាន៖ វិស័យការងារ និងការដោះស្រាយវិវាទ ការពង្រីកវិសាលភាពកិច្ចការងារ របស់ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.), ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ (TVET 1.5M) និងការតែងតាំងមន្ត្រីថ្មី នៃមន្ទីរ ។


លោក អ៊ុំ វាសនា បានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការយកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល អាណត្តិទី ៧ និងការចង្អុលបង្ហាញ ដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ដើម្បីធានាឱ្យបាននូវ “ការងារសមរម្យ និងចំណូលខ្ពស់” ជូនប្រជាពលរដ្ឋ សម្រាប់ទិសដៅឆ្នាំ ២០២៦ លោកប្រធានមន្ទីរបានប្តេជ្ញាចិត្តនឹងបន្តធ្វើទំនើបកម្មសេវាសាធារណៈ ពង្រឹងសុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងពង្រីកការបណ្តុះបណ្តាលជំនាញ ឱ្យកាន់តែសម្បូរបែប ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងខេត្តត្បូងឃ្មុំ ។


លោក ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំមន្ទីរការងារ សាខា ប.ស.ស ខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសម្រេចសមិទ្ធផលយ៉ាងល្អប្រសើរក្នុងឆ្នាំ ២០២៥ ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ និងការលើកកម្ពស់សុខុមាលភាពកម្មករនិយោជិត ។


លោកអភិបាលរងខេត្តបានគូសបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបានផ្តល់អាទិភាពខ្ពស់បំផុត តាមរយៈយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ជាពិសេស ការធ្វើទំនើបកម្មប្រព័ន្ធបណ្តុះបណ្តាលបច្ចេកទេស (TVET) ដើម្បីធានាថា «ប្រជាពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ។


លោក ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចប្រជុំរយៈពេលពេញមួយថ្ងៃនេះ នឹងក្លាយជាត្រីវិស័យដ៏សំខាន់សម្រាប់មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ ក្នុងការសម្រេចឱ្យបាននូវទិសដៅការងារឆ្នាំ២០២៦ ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូនកម្មករនិយោជិត និងជំរុញសេដ្ឋកិច្ចខេត្តឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ។


ក្នុងពិធីបញ្ចប់កិច្ចប្រជុំបូកសរុប លោក អ៊ុំ វាសនា ប្រធានមន្ទីរ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ ព្រមភាគីពាក់ព័ន្ធទាំងអស់ ត្រូវបន្តរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានរឹងមាំ និងត្រូវ «រៀនសូត្រជាប្រចាំ» ដើម្បីពង្រឹងសមត្ថភាពខ្លួនឯងឱ្យទាន់ការរីកចម្រើននៃបច្ចេកវិទ្យា ។


លោកប្រធានមន្ទីរ ជឿជាក់ថា ផ្អែកលើសមិទ្ធផលឆ្នាំ២០២៥ មន្ទីរការងារខេត្តត្បូងឃ្មុំ នឹងសម្រេចបាននូវលទ្ធផលកាន់តែធំធេងនៅឆ្នាំ២០២៦ ដើម្បីចូលរួមចំណែកដល់យុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ៕