( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែនកុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីផលិតកម្ម ដំណាំកាហ្វេ របស់កសិករនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីរសៀលថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ ២០២៥ ដោយ ដើម្បីលើកស្ទួយវិស័យកសិកម្មក្នុងស្រុកមេមត់ ក៏ដូចជាក្នុងខេត្តត្បូងឃ្មុំផងដែរ ដែលជាការចូលរួមចំណែកផ្សព្វផ្សាយដល់សាធារណៈជន ឱ្យដឹងពីសមិទ្ធិផលវិស័យកសិកម្ម និងជាការជួយស្វែងរក ទីផ្សារជូនដល់កសិករក្នុងខេត្ត ។

ឯកឧត្តម ប៉ែន កុសល្យ បានធ្វើការលើកទឹកចិត្ត ដល់កសិករ និងជំរុញដល់ម្ចាស់ចំការកាហ្វេ ត្រូវធ្វើយ៉ាងណាដាំដុះដំណាំប្រកបដោយសុវត្ថិភាព និងអាចប្រគួតប្រជែងទីផ្សារក្នុងស្រុកនឹងក្រៅស្រុក ជាពិសេសត្រូវអនុវត្តបច្ចេកទេសដាំដុះ តាមការណែនាំពីរបស់មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្ត ប្រសិនមានបញ្ហាណាមួយលើបច្ចេកទេស មន្ទីរកសិកម្ម ក៏ដូចជាមន្ត្រីកសិកម្មឃុំ គឺអាចរួមចំណែកក្នុងការដោះស្រាយបាន ហើយអ្វីដែលកាន់តែពិសេសនោះ គឺមិនមែនមានតែការដាំដុះប៉ុន្នោះទេ អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត នឹងធ្វើការសិក្សា ស្វែងរកដៃគូវិនិយោគ ការសិក្សាលើទីផ្សារ ដើម្បីជួយឱ្យកសិករអាចនាំយកផលិតផល ដែលខ្លួនបានផលិតដាំដុះបាន នាំយកទៅលក់លើទីផ្សារក្នុងស្រុក និងឈានឆ្ពោះទៅនាំចេញទៅលក់ឲ្យបរទេសផងដែរ ។

លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានបញ្ហាញថា ក្នុងខេត្តត្បូងឃ្មុំយើង បើតាមការសិក្សា ពីដើមទងនៃការដាំដុះ ដំណាំកាហ្វេ នេះគឺមានតាំងពីយូរណាស់មកហើយ ហើយបច្ចុប្បន្ននេះ ក្នុងខេត្តត្បូងឃ្មុំ គឺមានការដាំដុះកាហ្វេ ចំនួន ៤ ទីតាំងក្នុងខេត្ត ហើយជានិច្ចកាល មន្ទីរកសិកម្មខេត្ត រួមនឹងមន្ទីរពានិជ្ជកម្មខេត្តតែងតែចុះធ្វើការ ផ្តល់បច្ចេកទេស ស្វែងរកទីផ្សារ សម្រួលដល់កសិករ នឹងធ្វើការបើកសិក្ខាសាលា ការចងក្រងជាសហគមន៍ ការចុះកិច្ចព្រមព្រៀងទិញលក់រវាងកសិករ និងសហគមន៍ និងកិច្ចការងារសម្របសម្រួលរបស់មន្ត្រីកសិកម្មឃុំ ដោយធ្វើយ៉ាងណាជួយដល់កសិករ ឱ្យមានទីផ្សារក្នុងការលក់ផលិតផលកសិកម្ម និងផ្សព្វផ្សាយឱ្យអ្នកវិនិយោគធ្វើការបោះទុន ក្នុងការទិញផលិតផលកសិកម្មរបស់កសិករយើងផងដែរ ៕
 
 
 
 
 
 
 
 
  
 
