( ត្បូងឃ្មុំ ): លោក គន់ រ័ត្នមុនី្ន អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញកាត់បើកវិញ្ញាសារដំណើរការប្រឡងយកវិញ្ញាបនបត្រពុទ្ធិកបឋមសិក្សា (បាលីរង) ដែលប្រព្រឹត្តទៅនៅមណ្ឌលសាលាបឋមសិក្សា ស ខេង (ខ្នារ) ស្ថិតក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ១៧ ខែមករា ឆ្នាំ ២០២៦ ។
លោក ហាក់ ហុន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា ការប្រឡងឆ្នាំនេះត្រូវបានរៀបចំឡើងយ៉ាងហ្មត់ចត់បំផុត ដោយមានបេក្ខសមណៈសិស្សចូលរួមសរុបចំនួន ១៨២ អង្គ ចែកចេញជា ៧ បន្ទប់ ។

លោកប្រធានមន្ទីរបន្តថា ការប្រឡងមានរយៈពេល ២ ថ្ងៃ (ថ្ងៃទី ១៧-១៨ ខែមករា) ក្នុងគោលបំណងវាស់ស្ទង់សមត្ថភាពចំណេះដឹងផ្នែកពុទ្ធសាសនា និងចំណេះដឹងទូទៅ ។

ព្រះសមាធិធម្ម យិត សុខា ព្រះមេគណខេត្តត្បូងឃ្មុំ បានមានសង្ឃដីកាលើកទឹកព្រះទ័យដល់បេក្ខសមណៈសិស្សទាំងអស់ ឱ្យខិតខំប្រឹងប្រែងប្រើប្រាស់នូវរាល់ចំណេះដឹងដែលបានសិក្សាកន្លងមក ដើម្បីបំពេញវិញ្ញាសាឱ្យបានល្អបំផុត ។

ព្រះមេគណខេត្ត បានមានសង្ឃដីការបន្ថែមថា ការប្រឡងនេះគឺជាស្ពានចម្លងដ៏សំខាន់សម្រាប់ជីវិតសិក្សាក្នុងវិស័យពុទ្ធចក្រ និងបានប្រសិទ្ធពរជ័យឱ្យបេក្ខសមណៈសិស្សគ្រប់ព្រះអង្គ ទទួលបានជោគជ័យ និងលទ្ធផលគាប់ប្រសើរគ្រប់ៗអង្គ ។

លោក គន់ រ័ត្នមុនី អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះសមណៈសិស្សទាំងអស់ ដែលបានតស៊ូព្យាយាមមករៀនសូត្ររហូតដល់ថ្ងៃប្រឡងនេះ ។

លោកអភិបាលរងខេត្ត បានលើកទឹកព្រះទ័យ ដល់សមណៈសិស្សឱ្យរក្សាភាពស្ងប់ស្ងាត់ មានទំនុកព្រះទ័យលើអង្គខ្លួនឯង និងគោរពបទបញ្ជាផ្ទៃក្នុងនៃការប្រឡងឱ្យបានខ្ជាប់ខ្ជួន ដើម្បីធានាបាននូវតម្លាភាព និងកិត្តិយសនៃសញ្ញាបត្រដែលនឹងទទួលបាន ។

ដំណើរការកាត់ស្រោមវិញ្ញាសានៅព្រឹកនេះ បានប្រព្រឹត្តទៅតាមនីតិវិធី ដែលចេញដល់ក្រសួងធម្មការនិងសាសនា ដោយបានបញ្ជាក់ពីភាពត្រឹមត្រូវយុត្តិធម៌ ក្រោមការសង្កេតការណ៍ពីមន្ត្រីពាក់ព័ន្ធ និងគណៈមេប្រយោគយ៉ាងតឹងរ៉ឹងបំផុត ៕
