( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលនាំយកអំណោយមនុស្សធម៌ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន ៧០ គ្រួសារ ក្នុងស្រុកមេមត់ នាព្រឹកថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០២៥ ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវភាព ។

ឯកឧត្តម ប៉ែន កុសល្យ បានពាំនាំនូវព្រះរាជបណ្ដាំផ្ញើសាកសួរសុខទុក្ខពី សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ (ហ្លួងម៉ែ) និងការគិតគូរយ៉ាងជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្រោមទិសស្លោកមនុស្សធម៌ថា «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» ដោយជួយសង្គ្រោះពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ឬនិន្នាការនយោបាយឡើយ ។

ឯកឧត្តមបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចកាល សម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកឱ្យពលរដ្ឋណាម្នាក់រងទុក្ខដោយមិនមានការដោះស្រាយឡើយ ។

ឯកឧត្តមបញ្ជាក់ទៀតថា អំណោយមនុស្សធម៌ដែលបានចែកជូននាពេលនេះ គឺជាការចូលរួមចំណែកសម្រាលបន្ទុកជីវភាពបានមួយកម្រិត ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ក៏ដូចជាការបង្ហាញពីស្មារតីសាមគ្គីភាព និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ថ្នាក់ដឹកនាំខេត្ត និងសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់លើសុខភាព និងបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល ជាពិសេសលើការដោះស្រាយបញ្ហាព្រំដែន និងការរក្សាសន្តិសុខជាតិ ។

អំណោយមនុស្សធម៌ទាំងនេះត្រូវបានចែកនៅ ២ ទីតាំងរួមមាន ទីតាំងទី ១ ស្ថិតនៅបរិវេណវត្តបទុមរតនារាម (មេមត់) ឃុំមេមត់ គ្រួសារងាយរងគ្រោះចំនួន ៤៣ គ្រួសារ និងទីតាំងទី ២ ស្ថិតនៅបរិវេណទីធ្លាចម្ការ ឯកឧត្តម ចេង ប៊ុណ្ណារ៉ា ភូមិបេងកោង ឃុំទន្លូង គ្រួសារងាយរងគ្រោះចំនួន ២៧ គ្រួសារ ៕
