( ត្បូងឃ្មុំ ): ឯកឧត្តម ជា សុផារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តត្បូងឃ្មុំ និងឯកឧត្តម វង សូត អនុប្រធានទី ១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្ត បានអញ្ជើញអបអរសាទរ ខួបលើកទី ៧៤ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា( ២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៥ ) និងស្នើសមាជិក-សមាជិកា នៅទូទាំងខេត្តត្បូងឃ្មុំ គាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ របស់សម្ដេចតេជោ ហ៊ុន សែន ផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ ពីរជនទាំងឡាយណា ដែលឃុបឃិត ជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ នៅក្នុងស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកត្បូងឃ្មុំ ស្ថិតនៅភូមិទួលវិហារ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២៥ ។

ឯកឧត្តម ជា សុផារ៉ា បានអានសុន្ទរកថាដ៏មានអត្ថន័យទាំងស្រុង របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដោយមានអត្ថន័យខ្លឹមសារទាំងស្រុង ។

ឯកឧត្តម ជា សុផារ៉ា ក៏បានស្នើដល់សមាជិក-សមាជិកា ដែលបានអញ្ជើញចូលរួមក្នុងអង្គពិធីទាំងមូល តំណាងឲ្យប្រជាពលរដ្ឋរស់នៅទូទាំងខេត្តត្បូងឃ្មុំទាំងអស់ សូមចូលរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះសេចក្តីថ្លែងការណ៍ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការផ្ដួចផ្ដើមស្នើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដកហូតសញ្ជាតិខ្មែរ ពីរជនទាំងឡាយណា ដែលឃុបឃិត ជាមួយបរទេស ធ្វើសកម្មភាពបំផ្លាញផលប្រយោជន៍ជាតិ ៕
