You are currently viewing ក្រសួងការងារ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះចែកសម្ភារសិក្សា និងកង់ដល់កុមារ នៅស្រុកត្បូងឃ្មុំ ពញាក្រែក ក្រូចឆ្មារ និងអូររាំងឪ ដើម្បីទប់ស្កាត់លុបបំបាត់ពលកម្មកុមារក្នុងវិស័យឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម

ក្រសួងការងារ និងរដ្ឋបាលខេត្តត្បូងឃ្មុំ ចុះចែកសម្ភារសិក្សា និងកង់ដល់កុមារ នៅស្រុកត្បូងឃ្មុំ ពញាក្រែក ក្រូចឆ្មារ និងអូររាំងឪ ដើម្បីទប់ស្កាត់លុបបំបាត់ពលកម្មកុមារក្នុងវិស័យឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម

(ត្បូងឃ្មុំ): លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ ជាប្រធានគណៈកម្មការប្រឆាំងពលកម្មកុមារខេត្ត និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្ត អញ្ជើញចែកសម្ភារ:សិក្សា និងមធ្យោបាយធ្វើដំណើរដល់កុមារ ដើម្បីទប់ស្កាត់ពីការប្រើប្រាស់ពលកម្មកុមារ នៅតាមសហគ្រាសផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម តាមរយៈកិច្ចអន្តរាគមន៍ស្នូល ឆ្នាំ ២០២៥ របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីថ្ងៃទី ៩ ខែធ្នូ ឆ្នាំ ២០២៥ នៅបរិវេណសាលាបឋមសិក្សា ហ៊ុន សែន ទួលវិហារ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី ២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។


លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត បានសម្តែងនូវក្តីសោមនស្សរីករាយក្រៃលែង និងបានគូសបញ្ជាក់អំពីការប្តេជ្ញាចិត្តដ៏មុតមាំ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ជាសេនាធិការផ្ទាល់ឲ្យរាជរដ្ឋាភិបាលកម្ពុជា រាប់ចាប់តាំងពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងនៅក្នុងនីតិកាលទី ៧ នៃរដ្ឋសភា មានសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានបន្តមរតកសន្តិភាព ជូនដល់ប្រជាជនគ្រប់ៗគ្នា នៅទូទាំងប្រទេស និងបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ក្នុងនោះដែរ ក៏មានការដាក់ឱ្យអនុវត្តគោលនយោបាយពាក់ព័ន្ធនឹងកុមារ ចំពោះកិច្ចការពារ និងលើកកម្ពស់សិទ្ធិកុមារ ។


លោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ បានគូសបញ្ជាក់យ៉ាងច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្នុងការទប់ស្កាត់ និងឈានទៅបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារនៅកម្ពុជា ។


លោកជំទាវរដ្ឋលេខាធិការ បន្តថា សកម្មភាពនេះ បញ្ជាក់ឱ្យឃើញថា ជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល និងគ្រប់ភាគីពាក់ព័ន្ធ គឺធានាឧត្តមប្រយោជន៍របស់កុមារកម្ពុជា ដែលជាសសរស្ដម្ភនៃអនាគតប្រទេសរបស់យើង ដែលការចុះចែកសម្ភារនាពេលនេះ មិនត្រឹមតែជាការផ្តល់អំណោយប៉ុណ្ណោះទេ ប៉ុន្តែវាសរបញ្ជាក់ពីការអនុវត្តជាក់ស្តែងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីការពារកុមារពីការកេងប្រវ័ញ្ចកម្លាំងពលកម្ម ជាពិសេសនៅក្នុងវិស័យសិប្បកម្មផលិតឥដ្ឋ-ក្បឿង និងកសិ-ឧស្សាហកម្ម ។


លោកជំទាវបានដាក់ចេញនូវប្រសាសន៍សំខាន់ៗចំនួន ៥ ចំណុច ដើម្បីលុបបំបាត់ពលកម្មកុមារ រួមមាន បន្តតាមដានការសិក្សារបស់កុមារ និងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET 1.5M) កំណត់តំបន់ភូមិ/ឃុំគំរូ ដែលគ្មានពលកម្មកុមារ កំណត់វិស័យអាទិភាពថ្មីៗដែលមានហានិភ័យ ជំរុញដំណោះស្រាយសមស្របដើម្បីធានាថាខេត្តគ្មានករណីពលកម្មកុមារ នោងពង្រឹងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ។


លោកជំទាវ ស៊ើង សរសុចិត្តា បានអំពាវនាវដល់អាជ្ញាធរដែនដី ម្ចាស់សហគ្រាស និងអាណាព្យាបាល ត្រូវរួបរួមគ្នាក្រោមទិសស្លោក «ព្រះរាជាណាចក្រកម្ពុជា គ្មានករណីពលកម្មកុមារ» ។


លោកជំទាវបាននាំយកសម្ភារសិក្សា សម្លៀកបំពាក់ កាបូប ស្បែកជើង និងកង់ (មធ្យោបាយធ្វើដំណើរ) ចែកជូនដល់កុមារ ដើម្បីជំរុញឱ្យពួកគេ មានឱកាសបន្តការសិក្សាដូចកុមារដទៃទៀត ទន្ទឹមនឹងនេះដែរ ក្រុមគ្រួសារកុមារ ក៏ទទួលបានពូជសត្វ(មាន់) និងពូជបន្លែ ដើម្បីបង្កើនមុខរបរ និងប្រាក់ចំណូលក្នុងគ្រួសារ សំដៅកាត់បន្ថយភាពក្រីក្រ និងទប់ស្កាត់ការរុញកុមារឱ្យចូលធ្វើការងារមុនអាយុ ឲ្យទទួលបានជោកជ័យ ៕