( ត្បូងឃ្មុំ ): ប្រជាពលករធ្វើចំណាកស្រុកដែលវិលត្រឡប់មកពីប្រទេសថៃវិញខណ:ពេលដែលកម្ពុជាយើង មានជម្លោះព្រុំដែនជាមួយនឹងប្រទេសថៃ ដែលថៃបានឈ្លានពានកម្ពុជាយើងចង់ដណ្ដើមយកកាន់កាប់ប្រាសាទព្រះវិហា ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ភ្នំទ្រព្យ ភ្នំខ្មោច មុំបី ក៏ដូចជាវាលឥន្ទ្រី ជាដើមនោះ ធ្វើឲ្យប្រជាពលករចំណាកស្រុកទៅធ្វើការនៅប្រទេសថៃរាប់ម៉ឺនសែននាក់ នាពេលនេះ បានវិលត្រឡប់មកវិញ អាជ្ញាធរខេត្តត្បូងឃ្មុំ បានទទួលប្រជាពលរដ្ឋខ្មែរចំណាកស្រុក ត្រឡប់មកពីប្រទេសថៃចូលមកក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំវិញ បានប្រម៉ាណជា ជាង ៨ ពាន់នាក់ នេះបើតាមការឲ្យដឹងពីរដ្ឋបាលខេត្តត្បូងឃ្មុំ ។

លោក សេង ជ័យវុធ នាយករដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានឲ្យដឹងនាព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ២០២៥ ថា បើគឹតមកដល់ពេលនេះ ខេត្តត្បូងឃ្មុំ ទទួលបានពលករចំណាកស្រុក ត្រឡប់មកពីប្រទេសថៃ ចូលមកក្នុងមូលដ្ឋានខេត្តត្បូងឃ្មុំវិញ ប្រម៉ាណជា ៨.០២៥ នាក់ ក្នុងនោះស្រីចំនួន ៣.៦០៤ នាក់ ។

ហើយបើតាមរបាយការណ៍របស់មន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ:ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើគឹតមកដល់ត្រឹមថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២៥ ពលករចំណាកស្រុក ដែលវិលត្រឡប់មកដល់ខេត្តត្បូងឃ្មុំ ទទួលបានការងារធ្វើមានចំនួន ២.២៥៨ នាក់ ស្រី ១.០១៨ នាក់ បំពេញការងារផ្ទាល់ខ្លួន ១.៣៨៨ នាក់ ស្រី ៦០៩ នាក់ ពលករមិនទាន់មានការងារធ្វើ ៤.៣៤៩ នាក់ ស្រី ១.៩៦៤ នាក់ ដែលពេលនេះ មន្ទីរការងារកំពង់តែសម្របសម្រួលបន្តរកការងារឲ្យធ្វើបន្តទៅទៀត ៕
