(ត្បូងឃ្មុំ): លោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធាន ស.ស.យ.ក ខេត្ត បានអញ្ជើញដឹកនាំ និងចូលរួមក្នុងព្រឹត្តិការណ៍បរិច្ចាគឈាម ក្រោមប្រធានបទ “បរិច្ចាគឈាមបង្ហាញពីឆន្ទៈ ជឿជាក់លើស្មារតី ២ ធ្នូ” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងថ្ងៃកំណើតរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (២ ធ្នូ ១៩៧៨ – ២ ធ្នូ ២០២៥) នៅអគារ «តេជោបូព៌ា» ស្នាក់ការ ស.ស.យ.ក ខេត្ត កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ ដោយមានការសហការរវាង រដ្ឋបាលខេត្ត, ស.ស.យ.ក ខេត្ត និងមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមជិក-សមាជិកា ស.ស.យ.ក ខេត្ត ក្រុង/ស្រុក ប្រមាណជិត ៥០០ នាក់ ដើម្បីអបអរសាទរខួប ៤៧ ឆ្នាំ នៃកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងកំណើត ស.ស.យ.ក ។

លោកវេជ្ជបណ្ឌិត អេក ឃាង ប្រធានមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនត្បូងឃ្មុំ បានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះលោក ម៉ៅ ឌុង អភិបាលរងខេត្តត្បូងឃ្មុំ និងជាប្រធាន ស.ស.យ.ក ខេត្ត ដែលបានផ្ដួចផ្ដើមកម្មវិធីបរិច្ចាគឈាមនៅថ្ងៃនេះឡើង ដើម្បីប្រមូលឈាមយកមកប្រើប្រាស់ក្នុងមន្ទីរពេទ្យ និងមូលដ្ឋានសុខាភិបាលដទៃទៀត ក្នុងការជួយសង្គ្រោះអាយុជីវិត អតិថិជន អ្នកជំងឺ ដែលមកសម្រាកព្យាបាល ពិសេសវីរៈកងទ័ពជួរមុខ ស្រ្តីសម្រាលកូន ជនងាយរងគ្រោះ ។ល។ យោងតាមផែនការប្រចាំឆ្នាំរបស់មន្ទីរពេទ្យ តម្រូវការឈាមប្រចាំឆ្នាំ ប្រមាណជា 1.700 ប្លោក ដែលអនុវត្តតាមរយៈការចុះប្រមូលឈាមចល័ត ចំនួន ៤ ដង ក្នុងមួយឆ្នាំ (១ត្រីមាសម្ដង) និងក្រុមគ្រួសារអ្នកជំងឺបរិច្ចាគឈាម ដើម្បីដោះដូរផងដែរ ។

លោក ម៉ៅ ឌុង ប្រធាន ស.ស.យ.ក. ខេត្ត បានរំលឹកនូវប្រវត្តិសាស្ត្រ ដែលមិនអាចបំភ្លេចបានថា មុននឹងមានអ្វីៗដូចសព្វថ្ងៃនេះ គឺផ្តើមចេញពីការបដិសន្ធិ នាថ្ងៃទី ២ ខែធ្នូ ឆ្នាំ ១៩៧៨ នៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ក្រោមការដឹកនាំ របស់សម្តេច ហេង សំរិន សម្ដេច ជា ស៊ីម សម្តេចតេជោ ហ៊ុន សែន រួមនឹងឥស្សរជនស្នេហាជាតិជាច្រើនរូបទៀត ដើម្បីវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ រហូតទទួលបានជ័យជម្នះ ៧ មករា ១៩៧៩ ។
លោកប្រធាន បានមានប្រសាសន៍សង្កត់ធ្ងន់ថា រយៈពេលជិត ៤៧ ឆ្នាំមកនេះ ស.ស.យ.ក. ដែលមានប្រភពពីសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជា បានក្លាយជាសាក្សីប្រវត្តិសាស្ត្រ និងជាថ្នាលបណ្តុះស្មារតីរួបរួមសាមគ្គីជាធ្លុងមួយ ដោយមិនគិតពីពណ៌សម្បុរ និន្នាការសាសនា និងនយោបាយអ្វីទាំងអស់ ស្របតាមទិសស្លោក “ខ្មែរតែមួយ អនាគតតែមួយ” ដើម្បីបុព្វហេតុជាតិមាតុភូមិ ។

ទន្ទឹមនឹងការរំលឹកស្មារតីស្នេហាជាតិ លោកប្រធាន ស ស យ ក ខេត្ត ក៏បានឆ្លៀតឱកាសអំពាវនាវ និងលើកទឹកចិត្តដល់សមាជិក សមាជិកា និងសាធារណជន ឱ្យចូលរួមក្នុងចលនាបរិច្ចាគឈាម ដោយឯកឧត្តមបានលើកឡើងថា «ឈាមមិនមានរោងចក្រណាផលិតបានទេ គឺមានតែនៅក្នុងខ្លួនមនុស្ស» ។

លោក ម៉ៅ ឌុង បានពន្យល់បន្ថែមថា ការបរិច្ចាគឈាម មិនត្រឹមតែជាទង្វើសប្បុរសធម៌ជួយសង្គ្រោះជីវិតអ្នកជំងឺស្លេកស្លាំង ឬជនរងគ្រោះថ្នាក់ ដែលត្រូវការឈាមជាចាំបាច់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ផ្តល់អត្ថប្រយោជន៍ ដល់សុខភាពអ្នកបរិច្ចាគផងដែរ ដូចជា ជួយកាត់បន្ថយហានិភ័យមហារីក ជួយប្រព័ន្ធសរសៃឈាមបេះដូង និងកាត់បន្ថយការធាត់លើសទម្ងន់ជាដើម ។

យ៉ាងណាមិញ លោក ម៉ៅ ឌុង ក៏បានក្រើនរំលឹកអំពីលក្ខខណ្ឌសម្រាប់អ្នកដែលអាចបរិច្ចាគឈាមបាន គឺត្រូវមានអាយុចាប់ពី ១៨ ដល់ ៦០ឆ្នាំ មានទម្ងន់ចាប់ពី ៤៥គីឡូក្រាមឡើងទៅ និងមានសុខភាពល្អ ដោយមិនមានជំងឺឆ្លង ឬជំងឺប្រចាំកាយធ្ងន់ធ្ងរនោះឡើយ ។

ជាចុងក្រោយ លោកប្រធាន ស.ស.យ.ក. ខេត្តត្បូងឃ្មុំ បានអំពាវនាវឱ្យយុវជនទាំងអស់ បន្តថែរក្សាកេរ្តិ៍តំណែល និងស្មារតី ២ ធ្នូ តាមរយៈការចូលរួមការងារស្ម័គ្រចិត្ត និងសកម្មភាពសង្គមនានា ដើម្បីជាកម្លាំងចលករដ៏សំខាន់ក្នុងការអភិវឌ្ឍខេត្តត្បូងឃ្មុំ ក៏ដូចជាប្រទេសជាតិទាំងមូល ៕
