
( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ អញ្ជើញបើកកិច្ចប្រជុំក្រុមការងារប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) កាលពីរសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២៥ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ ។
កិច្ចប្រជុំនេះធ្វើឡើងបន្ទាប់ពីប្រកាសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវវិធានការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ក្នុងគោលបំណងទប់ស្កាត់នូវអំពើឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពីសំណាក់ឧក្រិតជនអនឡាញ ។
ជាមួយគ្នានេះដែរកាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ ២០២៥ កន្លងទៅ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារប្រយុទ្ធប្រឆាំងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ធ្វើការអនុវត្តចុះបង្ក្រាប នៅទីតាំងសំបុកឧក្រិតជនឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ស្ថិតនៅទីតាំងភូមិត្រពាំងផ្លុងផងដែរ ដែលប្រតិបត្តិការនេះជាបឋមបង្ក្រាបបានឧក្រិតជនប្រមាណជិត ៥០០ននាក់ផងដែរ ។
ឯកឧត្តមអភិបាលខេត្តបានគូសបញ្ជាក់ថា បទល្មើសឆរបោកតាមប្រព័ន្ធអនឡាញនេះ គឺកំពុងតែរីកសាយភាយច្រើនឡើងៗ គួរឱ្យកត់សំគាល់ ហើយបង្ករឱ្យប្រជាពលរដ្ឋខ្មែរយើង ទទួលរងនូវការលំបាក ពីបណ្តាញឧក្រិតជនទាំងនោះ ហេតុនេះហើយ ក្រុមការងារដែលមានភារកិច្ចប្រយុទ្ធប្រឆាំងការឆរបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ត្រូវធ្វើយ៉ាងណាបង្ក្រាបឱ្យបាន នូវបណ្តាញឧក្រិតជនទាំងនោះ ដើម្បីរក្សាបាននូវសុខ សុវត្ថិភាព ជូនបងប្អូនពលរដ្ឋយើង ជាពិសេសចំពោះបងប្អូនពលរដ្ឋយើងក៏ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ផងដែរលើសុវត្ថិភាពនៃការប្រើប្រាស់បណ្តាញអ៊ីនធឺណិត អនឡាញ ត្រូវត្រួតពិនិត្យឱ្យច្បាស់ ធ្វើការពិចារណាមុននឹងប្រើប្រាស់នូវកម្មវិធី ឬសេវាកម្មណាមួយ ក្នុងបណ្តាញអ៊ីនធឺណិតផងដែរ ៕












