(ត្បូងឃ្មុំ) ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានរៀបចំពិធីបិទបញ្ចប់វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៥ របស់ខ្លួន នាទូទាំង ៧ ស្រុក-ក្រុង នៃខេត្ត នៅបរិវេណវត្តសុវណ្ណបទុមវតី (វត្តរកាឃ្នួច) ស្រុកត្បូងឃ្មុំ នារសៀលថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២៥ ។

ឯកឧត្តម ឡុង ធាម បានគូសបញ្ជាក់អំពីគោលបំណងសំខាន់នៃការរៀបចំវេទិកានេះ គឺដើម្បី ផ្តល់ឱកាសចំពោះប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានជ្រាបច្បាស់ពីស្ថានភាពទូទៅនៃការអភិវឌ្ឍមូលដ្ឋាន ក៏ដូចជាបញ្ហាប្រឈមនានាដែលបានកើតមានឡើង។ លើសពីនេះ វេទិកានេះបានបើកច្រកឱ្យប្រជាពលរដ្ឋ បញ្ចេញមតិយោបល់ ក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែង ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការដោះស្រាយ និងឆ្លើយតបបានទាន់ពេលវេលា ប្រកបដោយតម្លាភាព ។

ជាមួយគ្នានោះ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងខេត្ត បានអានរបាយការណ៍សកម្មភាពអនុវត្តន៍ និងលទ្ធផលការងារសំខាន់ៗដែលរដ្ឋបាលខេត្តសម្រេចបានកន្លងមកជូនអង្គវេទិកាជ្រាប។ ឯកឧត្តម ក៏បានសម្តែងការគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបន្តលើកឡើងនូវមតិយោបល់សម្រាប់ការកែលម្អមូលដ្ឋាន ឱ្យកាន់តែរីកចម្រើនស្របតាមការចង់បានរបស់រាជរដ្ឋាភិបាល ដែលបញ្ជាក់ពី ជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការដោះស្រាយបញ្ហា ។

ជាលទ្ធផលនៃវេទិកានេះ សំណើចំនួន ៧ ករណី ត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដែលភាគច្រើនផ្តោតសំខាន់លើ តម្រូវការហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន រួមមាន៖ ការស្នើសុំផ្លូវ និងការរកដំណោះស្រាយចំពោះបញ្ហាស្ទះលូដែលបណ្តាលឱ្យទឹកជន់លិចផ្លូវ និងលិចផ្ទះប្រជាពលរដ្ឋក្នុងរដូវវស្សា។ រដ្ឋបាលខេត្តបានសន្យាថា នឹង ពន្លឿននីតិវិធី សហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីប្រែក្លាយសំណើទាំងនេះ ឱ្យចេញជា សមិទ្ធផលជាក់ស្តែង ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានឆាប់រហ័ស ។

ជាចុងក្រោយ ថ្លែងក្នុងឱកាសបិទបញ្ចប់វេទិកាទាំង ៧ ក្រុង-ស្រុក ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានបង្ហាញនូវ ការប្តេជ្ញាចិត្តសហការយ៉ាងខ្លាំងក្លា ក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមយុទ្ធសាស្ត្រវិមជ្ឈការ និងវិសហមជ្ឈការ។ ឯកឧត្តម ក៏បានប្រកាសបិទបញ្ចប់ជាផ្លូវការនូវវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៥ ទូទាំងខេត្តត្បូងឃ្មុំ ដែលបានប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាពគួរជាទីមោទនៈ ៕
