You are currently viewing ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី ៤ ឆ្នាំ ២០២៥ ទទួលបានសំណូមពរ ២១ ករណី របស់ប្រជាពលរដ្ឋនៅស្រុកតំបែរ ដោយបានដាក់ចេញចំណាត់ការបន្ទាន់ ផ្តោតសំខាន់លើ «ផ្លូវថ្នល់ អប់រំ និងល្បែងស៊ីសង»

ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បន្តបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី ៤ ឆ្នាំ ២០២៥ ទទួលបានសំណូមពរ ២១ ករណី របស់ប្រជាពលរដ្ឋនៅស្រុកតំបែរ ដោយបានដាក់ចេញចំណាត់ការបន្ទាន់ ផ្តោតសំខាន់លើ «ផ្លូវថ្នល់ អប់រំ និងល្បែងស៊ីសង»

(ត្បូងឃ្មុំ) ព្រឹកថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានប្រកាសទទួលយកសំណូមពរ និងកង្វល់សរុបចំនួន ២១ករណី របស់ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ និងអាជ្ញាធរមូលដ្ឋានក្នុងស្រុកតំបែរ ដើម្បីដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍន៍ និងដោះស្រាយជាបន្ទាន់ ការសម្រេចនេះ ធ្វើឡើងនៅក្នុង វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ អាណត្តិទី៤ ឆ្នាំ២០២៥ ដែលរៀបចំឡើងយ៉ាងកុះករនៅបរិវេណវត្តសិរីមង្គល (វត្តចុងជាច) ស្ថិតនៅភូមិជាចធំ ឃុំចុងជាច ស្រុកតំបែរ ក្រោមអធិបតីភាព ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត តំណាងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ ។


ថ្លែងនាឱកាសនោះ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងពីគោលបំណងសំខាន់ នៃរៀបចំវេទិកានេះ គឺដើម្បីបង្កើននូវវប្បធម៌ដោះស្រាយ និងការចូលរួមពិភាក្សា ផ្តល់នូវការបញ្ជ្រាបការយល់ដឹង ការទទួលយកបានព័ត៌មានថ្មីៗ រួមទាំងបញ្ហាប្រឈមនានា និងការឆ្លើយតបតាមសំណូមពរ នានារបស់ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ សហគមន៍ និងប្រជាពលរដ្ឋដែលបាន លើកឡើង ទន្ទឹមនេះ ឯកឧត្តមប្រធានក្រុមប្រឹក្សា សំណូមពរដល់អ្នកចូលរួមក្នុងវេទិកា សូមចូលរួមបញ្ចេញមតិយោបល់ លើកឡើងនូវសំណួរ សំណូមពរ បញ្ហាប្រឈម និងក្តីកង្វល់នានារបស់ខ្លួននៅក្នុងមូលដ្ឋាន ដើម្បីអង្គវេទិកាធ្វើពិភាក្សារួមគ្នាដោះស្រាយ និងឆ្លើយតបតាមគោលការណ៍ច្បាប់ និងស្របតាមសភាពការណ៍ជាក់ស្តែង ដោយស្មារតីយោគយល់ អធ្យាស្រ័យប្រកបដោយគុណធម៌ ។


នាឱកាសនេះដែរ ឯកឧត្តម ម៉ាត់ ហ្កោហ្វូត អភិបាលរងខេត្ត បានអានរបាយការណ៍សកម្មភាពអនុវត្តន៍ និងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តត្បូងឃ្មុំសម្រេចបានកន្លងមក ជូនអង្គវេទិកាជ្រាប។ បន្ថែមលើនេះ ឯកឧត្តមអភិបាលរងខេត្ត ក៏បានសម្តែងការគាំទ្រ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមលើកឡើងនូវបញ្ហាប្រឈម ចម្ងល់ផ្សេងៗ និងសំណូមពរនានា ដើម្បីយកមកពិភាក្សា ឆ្លើយតប និងដោះស្រាយ ជូនបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមតម្រូវការអាទិភាពជាក់ស្ដែង ។


ជាលទ្ធផលនៃវេទិកានេះ សំណូមពរទាំង ២១ ករណី ដែលត្រូវបានលើកឡើងដោយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ភាគច្រើនផ្តោតសំខាន់លើតម្រូវការមូលដ្ឋានចំនួន ៣ គឺ៖ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, វិស័យអប់រំ និងការបង្ក្រាបល្បែងស៊ីសង រដ្ឋបាលខេត្តបានសន្យាថា នឹងពន្លឿននីតិវិធីសហការជាមួយមន្ទីរជំនាញ ដើម្បីប្រែក្លាយសំណូមពរទាំងនេះ ឱ្យចេញជាសមិទ្ធផលជាក់ស្តែងក្នុងពេលឆាប់ៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។


ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត ដែលជាអធិបតីក្នុងពិធី បានចាត់ទុកវេទិកានេះថាជា «កញ្ចក់ឆ្លុះបញ្ចាំង» ដ៏សំខាន់បំផុត រាល់ការសំណូមពរដែលបានលើកឡើង មិនមែនគ្រាន់តែស្តាប់ហើយទុកចោលនោះទេ ប៉ុន្តែនឹងត្រូវប្រមូលយកមកពិភាក្សា និងចាត់វិធានការដោះស្រាយប្រកបដោយតម្លាភាព ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋាន «ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហាប្រឈមរបស់ពលរដ្ឋ ហើយស្ថាប័នជំនាញត្រូវបន្តធ្វើជាសេនាធិការដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាទាំងនេះ ដើម្បីទទួលបានការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែប្រសើរឡើងថែមទៀត ៕