You are currently viewing ជំហានប្រវត្តិសាស្ត្រថ្មី! ខេត្តត្បូងឃ្មុំ សម្រេចចុះអនុស្សរណៈយោគយល់គ្នា បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរ៉ូឆេស្ទ័រ នៃសហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

ជំហានប្រវត្តិសាស្ត្រថ្មី! ខេត្តត្បូងឃ្មុំ សម្រេចចុះអនុស្សរណៈយោគយល់គ្នា បង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងរ៉ូឆេស្ទ័រ នៃសហរដ្ឋអាមេរិក ដើម្បីពង្រីកសក្តានុពលសេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការអន្តរជាតិ

(ត្បូងឃ្មុំ): ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំគណៈប្រតិភូជាថ្នាក់ដឹកនាំខេត្ត និងស្ថាប័នជំនាញពាក់ព័ន្ធ ចូលរួមកិច្ចប្រជុំចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាព រវាងរដ្ឋបាលខេត្តត្បូងឃ្មុំ នៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា សហរដ្ឋអាមេរិក នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ នាថ្ងៃទី ៩ ខែមីនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម កុយ គួង ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសហរដ្ឋអាមេរិក និងម៉ិចស៊ិច ឯកឧត្តម ប៊ូ បញ្ញា ជំនួយការសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកស្រី ប៊ិនលី សុគន្ធា ប្រធានសម្ព័ន្ធមេត្រីភាព ទីក្រុងរ៉ូឆេស្ទ័រ រដ្ឋមីនីសូតា ព្រមទាំងគណៈប្រតិភូជាតិ និងអន្តរជាតិជាច្រើនរូប ។


ឯកឧត្តម ប៉ែន កុសល្យ បានបញ្ជាក់ថា ការបង្កើតទីក្រុងសម្ព័ន្ធមេត្រីភាពនេះ គឺជាសក្ខីភាពនៃការពង្រឹងមិត្តភាព សុច្ឆន្ទៈ និងការយោគយល់គ្នា រវាងប្រជាជននៃសហគមន៍ទាំងពីរ លើសពីនេះ ក៏ជាស្ពានសម្រាប់ផ្លាស់ប្តូរបទពិសោធន៍ និងកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាច្រើន ដើម្បីជំរុញការអភិវឌ្ឍខេត្តត្បូងឃ្មុំឱ្យកាន់តែរីកចម្រើន ។


ឯកឧត្តមអភិបាលខេត្ត បានបង្ហាញជូនគណៈប្រតិភូ អំពីសក្តានុពលសំខាន់ៗដែលខេត្តមាន ដោយក្នុងនោះ ទំហំសេដ្ឋកិច្ចខេត្ត សរុបមានប្រមាណ ១.៦៦០ លានដុល្លារ ជាមួយនឹងផលិតផលសរុបសម្រាប់មនុស្សម្នាក់ (GDP) ១.៨៣១ ដុល្លារ ខេត្តត្បូងឃ្មុំជា “ដែនដីមាសបៃតង” ដែលមានដីក្រហមជីជាតិ សម្បូរទៅដោយដំណាំកៅស៊ូ (ផ្ទៃដីជាង ៨ម៉ឺនហិកតា), ស្វាយចន្ទី, ម្រេច និងដំឡូងមី ដែលជាប្រភពចំណូលដ៏ធំ ក្នុងនោះ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង តាមរយៈការតភ្ជាប់ជាមួយស្ពានមិត្តភាពកម្ពុជា-ចិន (ស្ទឹងត្រង់-ក្រូចឆ្មារ) និងផ្លូវជាតិសំខាន់ៗ ដែលបង្កលក្ខណៈងាយស្រួលដល់ការដឹកជញ្ជូន និងពាណិជ្ជកម្មឆ្លងដែនតាមច្រកទ្វារព្រំដែនទាំង ៧ កន្លែង បើគិតត្រឹមឆ្នាំ ២០២៦ ខេត្តមានក្រុមហ៊ុនវិនិយោគធំៗចំនួន ៤២ ដែលកំពុងប្រតិបត្តិការលើវិស័យរោងចក្រកែច្នៃ ថាមពល និងកសិកម្ម ។


ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត បានគូសបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺកើតចេញពីការអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលការចុះអនុស្សរណៈយោគយល់ជាមួយទីក្រុងរ៉ូឆេស្ទ័រ នាពេលនេះ មិនត្រឹមតែជួយលើកកម្ពស់មុខមាត់ខេត្តត្បូងឃ្មុំ លើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ឱកាសថ្មីៗសម្រាប់វិស័យអប់រំ សុខាភិបាល និងការវិនិយោគពីសហរដ្ឋអាមេរិកមកកាន់ខេត្តវ័យក្មេងមួយនេះផងដែរ ។


លោកស្រី បេនលី សុគន្ធា បានប្រកាសជាផ្លូវការនូវការបង្កើតទំនាក់ទំនង “ក្រុងសម្ព័ន្ធមេត្រីភាព” (Sister City) រវាងទីក្រុង Rochester រដ្ឋមីនីសូតា (សហរដ្ឋអាមេរិក) និងខេត្តត្បូងឃ្មុំ (ព្រះរាជាណាចក្រកម្ពុជា) ដើម្បីកសាងស្ពានមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែង។ លោកស្រី បានលើកឡើងថាការភ្ជាប់ទំនាក់ទំនងរវាងពិភពលោកទាំងពីរ លោកស្រីបានចាត់ទុកទំនាក់ទំនងនេះថាជា “ស្ពានចម្លង” ដ៏សំខាន់រវាងប្រទេសកម្ពុជាដែលជាមាតុភូមិកំណើត និងរដ្ឋមីនីសូតាដែលជាកន្លែងផ្តល់ឱកាស និងអនាគតដល់រូបលោកស្រី ។


លោកស្រី បេនលី សុគន្ធា បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការលើវិស័យយុទ្ធសាស្ត្រ នៃទំនាក់ទំនងសម្ព័ន្ធមេត្រីភាពនេះ នឹងបើកទ្វារសម្រាប់កិច្ចសហការលើវិស័យសំខាន់ៗ រួមមាន៖ ការអប់រំ (ការផ្លាស់ប្តូរការសិក្សារវាងសិស្សានុសិស្ស និងវប្បធម៌, សុខាភិបាល (ការចែករំលែកបទពិសោធន៍ពីស្ថាប័នវេជ្ជសាស្ត្រឈានមុខរបស់ក្រុង Rochester ដើម្បីកែលម្អគុណភាពជីវិត និង សេដ្ឋកិច្ច និងកសិកម្ម (ការជំរុញការវិនិយោគ ទេសចរណ៍ និងបច្ចេកទេសកសិកម្មទំនើប។ ភាពជោគជ័យនៃទំនាក់ទំនងនេះ មិនមែនស្ថិតត្រឹមតែលើក្រដាសស្នាមនោះទេ ប៉ុន្តែគឺស្ថិតលើទំនាក់ទំនងរវាងបុគ្គលនិងបុគ្គល ដូចជាសិស្សានុសិស្ស សហគ្រិន និងអ្នកដឹកនាំសហគមន៍ដែលចែករំលែកនូវក្តីប្រាថ្នារួមគ្នា ។


លោកស្រី បេនលី សុគន្ធា បានបញ្ជាក់បន្ថែមថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបង្ហាញថា ទោះបីជាមានភាពខុសគ្នាខាងភាសា និងប្រពៃណី ប៉ុន្តែនៅពេលដែលសហគមន៍ទាំងពីរមានសុច្ឆន្ទៈ និងគោលបំណងរួម រឿងរ៉ាវដ៏អស្ចារ្យនឹងកើតមានឡើងសម្រាប់យុវជនជំនាន់ក្រោយ និងសូមឆ្ពោះទៅមុខជាមួយគ្នា ក្នុងស្មារតីមិត្តភាព និងកិច្ចសហការ ដើម្បីទទួលបានជោគជ័យជារួមសម្រាប់សហគមន៍ទាំងពីរ ៕