You are currently viewing ក្រសួងអភិវឌ្ឍម៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវប្រវែង ៦,៣០ គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជនបទចំនួន ៩ ខ្សែ ស្មើនឹង ៧០,៤ គ.ម នៅក្នុងខេត្តត្បូងឃ្មុំ

ក្រសួងអភិវឌ្ឍម៍ជនបទ បើកការដ្ឋានសាងសង់ផ្លូវប្រវែង ៦,៣០ គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជនបទចំនួន ៩ ខ្សែ ស្មើនឹង ៧០,៤ គ.ម នៅក្នុងខេត្តត្បូងឃ្មុំ

 

 

( ត្បូងឃ្មុំ ) ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញបើកការដ្ឋានសាងសង់ផ្លូវប្រវែង ៦,៣០ គ.ម និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជនបទចំនួន ៩ ខ្សែ ស្មើនឹង ៧០,៤ គ.ម នាព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២៥ ស្ថិតនៅក្នុងភូមិជើងវត្ត ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។


ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងសុន្ទរកថាស្វាគមន៍ថា ពិធីបើកការដ្ឋានស្ថាបនាផ្លូវថ្នល់ក្នុងឱកាសនេះ គឺជាសក្ខីភាពមួយ បង្ហាញយ៉ាងច្បាស់ អំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការតភ្ជាប់បេះដូងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈផ្លូវថ្នល់ នៅក្នុងយុគសម័យនៃការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយនិរន្តរភាព ដែលជាទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងក្រោមការដឹកនាំ ប្រកបដោយថាមពល របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។


ឯកឧត្ដមបណ្ឌិតបានបញ្ជាក់ថា ក្នុងនាមថ្នាក់ដឹកនាំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ក៏ដូចជាក្រសួងបរិស្ថាន សូមគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងអភិវឌ្ឍន៍នានា លើគ្រប់វិស័យ ជាពិសេសហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍នៅទូទាំងខេត្ត ។


ឯកឧត្ដម ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តត្បូងឃ្មុំ និងមន្ទីរអង្គភាពទាំងអស់របស់ខេត្ត ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើន និងទទួលបាននូវសមិទ្ធផលនានាលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យខេត្តត្បូងឃ្មុំ កាន់តែមានសម្រស់ស្រស់បំព្រង ។


ឯកឧត្ដមរដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ និងចក្ខុវិស័យ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំបន្តវេនប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តជម្រាបជូនអំពីគោលនយោបាយអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “កសាងសង្គមជនបទកម្ពុជា ឱ្យមានវិបុលភាពប្រកបដោយបរិយាបន្ន និងចីរភាព ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ដោយក្នុងនោះ ក្រសួងកំពុងយកចិត្តទុកដាក់ លើការលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធ និងគមនាគមន៍ជនបទ ដូចពាក្យស្លោក “មានផ្លូវគឺមានក្ដីសង្ឃឹម” ៕