You are currently viewing រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងនាយិការង ចំណុះឲ្យមន្ទីរការងារខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសតែងតាំងអនុប្រធានមន្ទីរ ប្រធាន-អនុប្រធានការិយាល័យ និងនាយិការង ចំណុះឲ្យមន្ទីរការងារខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ

(ត្បូងឃ្មុំ): លោក ម៉ាត់ ហ្គោហ្វូត អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ កាលពីព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្ត ។


លោក អ៊ុំ វាសនា ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត បានលើកឡើងពីសមិទ្ធផលលេចធ្លោលើវិស័យស្នូលចំនួន ៣ រួមមាន វិស័យការងារ គ្រប់គ្រងគ្រឹះស្ថានសរុប ២៨៣ កន្លែង ដែលមានកម្មករនិយោជិតជិត ១៨.០០០ នាក់ ក្នុងនោះ មន្ទីរសម្រេចបានជោគជ័យ ១០០% ក្នុងការដោះស្រាយវិវាទការងារចំនួន ៤១ ករណី ជូនកម្មករនិយោជិត ដោយឡែកបេឡាសន្តិសុខសង្គម (ប.ស.ស) បានពង្រីកវិសាលភាពគ្របដណ្តប់សមាជិកជាង ៣១.០០០ នាក់ ទាំងក្នុង និងក្រៅប្រព័ន្ធ ដើម្បីធានាការគាំពារសុខភាព និងសុវត្ថិភាពសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ (TVET 1.5M) ទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ដោយមានយុវជនចុះឈ្មោះរៀនសរុប ១១,៦១៤ នាក់ ក្នុងនោះសិស្សជិត ៥.០០០ នាក់ ដែលបញ្ចប់ការសិក្សា ទទួលបានការងារធ្វើភ្លាមៗ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ។


លោកប្រធានមន្ទីរបន្តថា ទន្ទឹមនឹងសមិទ្ធផលទាំងនេះ មន្ត្រីរាជការចំនួន ៤ រូប ត្រូវបានប្រកាសតែងតាំងដើម្បីពង្រឹងរចនាសម្ព័ន្ធដឹកនាំមន្ទីរ រួមមាន លោក គ្រុយ កុសល្យ តែងតាំងជា អនុប្រធានមន្ទីរ និងលោក ជេដ្ឋា វឌ្ឍនៈ តែងតាំងជា ប្រធានការិយាល័យរដ្ឋបាល និងបុគ្គលិក ដោយឡែក លោក ស៊ឹម សារិទ្ធ តែងតាំងជា អនុប្រធានការិយាល័យអធិការកិច្ច និងវិវាទការងារ ហើយលោកស្រី ទឹង សុផាត តែងតាំងជា នាយិការងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត ។


លោក ម៉ាត់ ហ្គោហ្វូត បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរការងារ សាខា ប.ស.ស ខេត្ត និងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានសហការគ្នាយ៉ាងល្អក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត ។


លោកអភិបាលរងខេត្ត ក៏បានផ្ដល់អនុសាសន៍ណែនាំដល់មន្ត្រីដែលទើបតែងតាំងថ្មី និងមន្ត្រីក្រោមឱវាទទាំងអស់ ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សំខាន់ៗដូចខាងក្រោម ស្មារតីទទួលខុសត្រូវខ្ពស់ បំពេញភារកិច្ចដែលរដ្ឋបាលខេត្ត និងក្រសួងប្រគល់ជូនឱ្យអស់ពីសមត្ថភាព សាមគ្គីភាពផ្ទៃក្នុង រក្សាសាមគ្គីភាពឱ្យបានរឹងមាំ ដែលជាកត្តាកំណត់នៃជោគជ័យ វិជ្ជាជីវៈក្នុងការផ្តល់សេវា៖ បម្រើសេវាសាធារណៈជូនកម្មករនិយោជិត និងប្រជាពលរដ្ឋដោយភាពស្មោះត្រង់ និងទាន់ពេលវេលា អនុវត្តអភិក្រមទាំង ៥ ត្រូវប្រកាន់ខ្ជាប់នូវអភិក្រម «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់» និងបាវចនា «កែទម្រង់ខាងក្នុង បង្កើនមិត្តខាងក្រៅ» ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕