( ត្បូងឃ្មុំ ): ឯកឧត្តម វង សូត អនុប្រធានទី ២ រដ្ឋសភា បានអញ្ជើញជួបសំណេះសំណាល និងប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A B C មកពីវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ និងវិទ្យាល័យជាច ដែលធ្វើឡើងនៅវិទ្យាល័យសម្តេច ហេង សំរិន អន្លងជ្រៃ ស្ថិតក្នុងឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៥ ។

ឯកឧត្តម វង សូត បានកោតសរសើរចំពោះសិស្សានុសិស្ស ដែលមានឆន្ទៈក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ រួមផ្សំជាមួយនឹងការយកចិត្តទុក្ខដាក់ពី មន្ទីរអប់រំយុវជន និងកីឡា គណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងដោយមានការលើកទឹកចិត្តពីឪពុកម្តាយ រហូតប្រឡងជាប់ និងទទួលបាននិទ្ទេសល្អទៀតផង ឯកឧត្តម បានបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានមុំមួយ គឺផ្តោតទៅលើការអភិវឌ្ឍមូលធនមនុស្ស ដែលមានទាំងសមត្ថភាពខ្ពស់ ចំណេះដឹង ជំនាញច្បាស់លាស់ និងមានសុខភាពល្អ។ ហេតុដូចនេះ សូមក្មួយៗ ប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ ភាពកតញ្ញូ និងបន្តខិតខំប្រឹងប្រែងរៀនសូត្រឱ្យបានពូកែ ដើម្បីក្លាយខ្លួនជាធនធានមនុស្សដ៏ល្អរបស់ប្រទេស
ជាតិនាថ្ងៃអនាគត ។

ឯកឧត្តមអនុប្រធានទី ២ រដ្ឋសភា បានបន្តថា ទាំងអស់នេះ គឺជាលទ្ធផលជោគជ័យមួយផ្នែករបស់ក្មួយៗ នៅកម្រិតចំណេះដឹងទូទៅ ក៏ប៉ុន្តែ ចំពោះមុខ យើងត្រូវគិតគូអំពីអនាគត ជាពិសេសត្រូវបន្តការសិក្សា លើមុខជំនាញ ក្នុងក្របខ័ណ្ឌបច្ចេកទេស ដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ តាមរយៈការប្រលងប្រជែង នៅកម្រិតឧត្តមសិក្សា ទៅតាមការសម្រេចចិត្ត និងទេពកោសល្យ របស់ខ្លួនឯង ពោលគឺ ទៅតាមសមត្ថភាព ដែលខ្លួនឯងមានពិតប្រាកដ។ ឆ្លៀតឱកាសនេះ ឯកឧត្តម ក៏បានលើកទឹកចិត្តដល់ក្មួយៗដែលមិនបានប្រលងជាប់ និងដែលមានទទួលបាននិទ្ទេសមិនល្អ សូមកុំអស់សង្ឃឹម និងជំរុញឱ្យក្មួយៗចូលរៀនជំនាញបច្ចេកទេស ដែលរាជរដ្ឋាភិបាល បាននិងកំពុងយកចិត្តទុក្ខដាក់ជំរុញការបណ្តុះបណ្តាលនេះដល់យុវជន ដើម្បីចាប់យកមុខរបរ ជំរុញសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិ ។

ឯកឧត្ដម ក៏បានជម្រាបជូនអំពីសភាពការណ៍ទូទៅនៃស្ថានភាពនយោបាយ ជាពិសេសពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ដែលសៀមបានប្រើប្រាស់គ្រប់ឧបាយកល និងគ្រប់រូបភាពក្នុងការបន្តការឈ្លានពាន ហើយប្រេីល្បិចកលគ្រប់មធ្យោបាយ គ្រប់ទម្រង់ដើម្បីបំពានលេីកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលកម្ពុជាប្រកាន់ខ្ជាប់ពីស្មារតីគោរព ច្បាប់អន្តរជាតិ អត់ធ្មត់ និងខិតខំស្វែងរកយុត្តិធម៌ដោយតុលាការយុត្តិធម៌អន្តរជាតិ International Court of Justice- ICJ ដែលនេះបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងធ្វេីឱ្យយេីងទាំង អស់គ្នារឹតតែមានជំនឿជឿជាក់លេីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលបន្តវេននីតិកាលទី៧ នៃរដ្ឋសភា ដែលនេះជាកម្លាំងសាមគ្គីដ៏រឹងមាំ និងជាកម្លាំងចិត្តដ៏សំខាន់សម្រាប់វីរ:កង ទ័ពដែលឈរជេីងនៅសមរភូមិមុខ ។

ឯកឧត្តមបានអំពាវនាវ ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស រក្សាឱ្យបាននូវសាមគ្គីភាព ស្មារតីសន្តិភាព អត់ធ្មត់ ជឿជាក់លើរាជរដ្ឋាភិបាល ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខប្រកប ដោយថាមពល ប្រាជ្ញាវៀងវៃ និងសម្តេចតេជោ ហ៊ុន សែន ប្រធានរដ្ឋសភា នៅក្នុងការដោះស្រាយបញ្ហាជម្លោះនេះដោយ សន្តិវិធី តម្កល់ផលប្រយោជន៍ជាតិជាធំ មិនឱ្យខ្មាំងសត្រូវសៀមឈ្លានពានទឹកដីបានជាដាច់ខាត់ ។

លោក ផាត សុខសាន្ត ប្រធានមន្ទីរ អប់រំយុវជន និងកីឡាខេត្តត្បូងឃ្មុំ បានឱ្យដឹងថា លទ្ធផលនៃការប្រលងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៨ សីហា ២០២៥ មាន ១០ មណ្ឌល កើនឡើងចំនួន ១ មណ្ឌល ដោយកំណើនសិស្សដាក់ពាក្យប្រឡងចំនួន ៤៩៦ នាក់ ធៀបនឹងឆ្នាំ ២០២៤ ដែលបេក្ខជនបានដាក់ពាក្យប្រឡងសរុបចំនួន ៥.៩៦៥ នាក់ ស្រី ៣.៥០៣ នាក់ បេក្ខជនបានមកប្រឡងសរុបចំនួន ៥.៨៩៣ នាក់ ស្រី ៣.៤៧០ នាក់ បេក្ខជន ប្រឡងជាប់សរុបចំនួន ៤.៨៩៨ នាក់ ស្រី ២.៩៨៩ នាក់ ស្មើនឹង ៨៣,១២% ក្នុងនោះនិទ្ទេសA: ១០៨ នាក់ ស្រី ៦៩ នាក់ និទ្ទេស B ៣៥៤ នាក់ ស្រី ២៣៥ នាក់ និទ្ទេស C ១.១៦៧ នាក់ ស្រី ៧៦១ នាក់ និទ្ទេស D ១.៨៦៤ នាក់ ស្រី ១.២០៥ នាក់ និទ្ទេស E ១.៤០៥ នាក់ ស្រី ៧១៩ នាក់ ៕
