You are currently viewing ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការ ប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំ ស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន អញ្ជើញបើកវិញ្ញាសា និងត្រួតពិនិត្យដំណើរការ ប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំ ស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

( កំពង់ចាម ): ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមក្នុងពិធីបើក វិញ្ញាសា និងត្រួតពិនិត្យដំណើរការប្រឡង ជ្រើសរើសសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំស្រុក ព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្រុក ព្រៃឈរ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២៥ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ ឯកឧត្តម កើត រិទ្ធ ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឯកឧត្តមលោកជំទាវ ថ្នាក់ដឹកនាំ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក លោកស្រី មន្រ្តីមកពីអង្គភាពពាក់ព័ន្ធក្រោមឱវាទ លោកគ្រូ អ្នកគ្រូ គណៈកម្មការ និងក្រុមការងារពាក់ព័ន្ធ រៀបចំដំណើរការនៃការប្រឡង ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ការប្រឡងជ្រើសរើសសិស្សឆ្នើមថ្នាក់ទី ១០ ប្រចាំស្រុកព្រៃឈរ ពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ត្រូវបានធ្វើឡើងដើម្បីលើកកម្ពស់ សមត្ថភាព និងលើកទឹកចិត្តដល់សិស្សឆ្នើមថ្នាក់ទី ១០ ឱ្យយកចិត្តទុកដាក់ខិតខំប្រឹងប្រែង រៀនសូត្រ តាំងពីចូលកម្រិតមធ្យមសិក្សា បឋមភូមិ ជាពិសេសចាប់ពីថ្នាក់ទី ៧ ឡើងទៅ ដើម្បីអាចត្រៀមលក្ខណៈឱ្យបានល្អតាំងពីដើម សម្រាប់ប្រលងយកពានរង្វាន់របស់ សម្តេចធិបតី សម្រាប់សិស្សឆ្នើមនៅថ្នាក់ទី ១០ ប្រចាំស្រុក ព្រៃឈរផង និងសម្រាប់ការប្រលងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ បាក់ឌុបផងដែរ ។

ឯកឧត្តមបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបន្តថា បេក្ខជនប្រលងជ្រើសរើសសិស្សឆ្នើមនេះមាន ចំនួន ១៨៩ នាក់ ក្នុងនោះស្រី ១២៨ នាក់ រីឯមុខវិជ្ជាក្នុង ការប្រឡងមាន ៤ មុខវិជ្ជា គឺ គណិតវិទ្យា រូបវិទ្យា អក្សរសាស្ត្រ និងប្រវត្តិវិទ្យា ដើម្បីធានាសុក្រឹត្យភាព តម្លាភាព ភាពត្រឹមត្រូវ និងយុត្តិធម៌ ក្រសួងអប់រំយុវជន និងកីឡា ទទួលបន្ទុកលើការចេញវិញ្ញាសា និងការកែសន្លឹកកិច្ចការ ដោយឡែក ក្រុមការងាររបស់ក្រសួងយុត្តិធម៌ ទទួលបន្ទុកលើការងាររៀបចំការរៀបចំ ដំណើរការនៃការប្រលង ដោយសហការជាមួយ វិទ្យាល័យទាំង ៥ និងមានការសង្កេតការពី សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ៕