(ភ្នំពេញ): លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកទឹកចិត្តដល់អង្គភាពព័ត៌មាន ដែលផ្សាយជាភាសាបរទេស សូមចូលរួមបង្កើនការផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ចេញទៅក្រៅប្រទេសឱ្យបានច្រើន សំដៅចូលរួមចំណែក ក្នុងការលើកកម្ពស់ផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ វិនិយោគ ។
ការលើកទឹកចិត្តបែបនេះ របស់លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានអនុញ្ញាតឱ្យលោក SUN YINGLONG (ម្ចាស់ក្រុមហ៊ុន Point Business Service និងអង្គភាពសារព័ត៌មាន Khmer Industrial Economy ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥នេះ ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែងអំណរគុណចំពោះសារព័ត៌មានភាសាចិន បានចូលរួមផ្សព្វផ្សាយព័ត៌មានពិតអំពីកម្ពុជា ដែលជួយលើកកម្ពស់ឱ្យពិភពលោកបានយល់ដឹងអំពីវប្បធម៌ ទេសចរណ៍ ការអភិវឌ្ឍ និងសក្តានុពលនានារបស់ប្រទេសកម្ពុជា ។ សារព័ត៌មានចិន ដែលបំពេញការងារនៅក្នុងប្រទេសកម្ពុជា បានជួយផ្សព្វផ្សាយព័ត៌មានពិតអំពីសុខសន្តិភាព ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងសក្តានុពលទេសចរណ៍របស់កម្ពុជាទៅកាន់ប្រជាជនចិន និងប្រជាពលរដ្ឋដែលនិយាយភាសាចិន នៅទូទាំងពិភពបានដឹងច្បាស់បន្ថែមទៀត ។
លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការរីកចម្រើនរបស់ សារព័ត៌មាន ខ្មែរថាមស៍ ផ្សាយជាភាសាចិន ហើយពេលនេះដោយទទួលបានអាជ្ញាបណ្ណពីក្រសួងព័ត័មាន មានឈ្មោះថាសារព័ត៌មាន KHMERINDUSTRIAL ECONOMY ដែលមានគោលជំហរ និងការផ្សព្វផ្សាយព័ត៌មាន ដូចសារព័ត៌មានខ្មែរថាមស៍ ផ្សាយជាភាសាចិនដដែលបានជួយផ្សព្វផ្សាយពីអ្វីដែលបានកើតមានឡើងនៅកម្ពុជា ពិតជាក់ស្តែងដើម្បីឱ្យប្រជាជន ជាអ្នកវិនិយោគ និងអ្នកទេសចរចិនបានដឹងច្បាស់បន្ថែមទៀត ៕
