(ត្បូងឃ្មុំ) ៖ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ហេង សំអាន ប៉ែនកុសល្យ និងលោកជំទាវ ឡេង សុខា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំថ្នាក់នាំខេត្ត ប្រធាន-អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត អញ្ជើញកាន់បិណ្ឌវេនទី១ និងរាប់បាត្រ នៅវត្តតេជសុវណ្ណភូមិ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ។
ពិធិបុណ្យភ្ជុំបិណ្ឌ គឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ ក៏ជាពិធីបុណ្យមួយដែលធំជាងគេ នៅក្នុងចំណោមពិធីបុណ្យទាំងអស់ ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ។ នៅកម្ពុជា ព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ជារៀងរាល់ឆ្នាំនៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធ ពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយនៅស្រុកកណើត ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដែលគង់នៅវត្តអារាម។ ដែលនេះ គឺជាទម្លាប់មួយ ដែលគេនិយមធ្វើតៗគ្នា របស់ជនជាតិខ្មែរជាយូរមកហើយ។ ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ ២០២៥នេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៥។
នៅក្នុងពិធីកាន់បិណ្ឌទី១ នេះ ឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមន្រ្តីរាជការ នៃរដ្ឋបាលខេត្ត បានអញ្ជើញថ្វាយគ្រឿងរណ្តាប់សក្ការបូជា ប្រតិបត្ដិព្រះធម៌ រាប់បាត្រ ប្រគេនព្រះសង្ឃ បង្សុកូល ឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជន មានមាតាបិតា ជីដូនជីតា ញាត្តិកាទាំង ៧សណ្ដាន និងជូនដល់វិញ្ញាណក្ខន្ធឥស្សរជន និងយុទ្ធជនដែលបានពលីជីវិត ក្នុងបុព្វហេតុការពារ ជាតិមាតុភូមិ ដែលបានទទួលមរណកាលទៅកាន់លោកខាងមុខ សូមឱ្យសមប្រកប តែវិបុលសុខគ្រប់ប្រការ និងសូមបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ដើម្បីជាការទ្រទ្រង់ និងចូលរួមចំណែក ក្នុងការកសាងសមិទ្ធិផលនានា ក្នុងទីអារាមវត្តតេជសុវណ្ណភូមិ ឯកឧត្តម ប៉ែន កុសល្យ និងលោកជំទាវ ក៏បាននាំមកប្រគេនជូនមានជាទេយ្យទាន-ទេយ្យវត្ថុ និងគ្រឿងឧបភោគ-បរិភោគ ព្រមទាំងប្រមូលបច្ច័យ តាមរយៈទឹកចិត្តសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្ត ទុកសម្រាប់កសាងសមិទ្ធិផលនានាក្នុងវត្តបន្ថែម និងបន្តលើកស្ទួយវិស័យព្រះពុទ្ធសាសនា នៅកម្ពុជា ឲ្យបានកាន់តែរីកចម្រើនរុងរឿងដរាបរៀងទៅ៕
