You are currently viewing ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៥

ក្រសួងមហាផ្ទៃ សហការជាមួយរដ្ឋបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៥

( ត្បូងឃ្មុំ ):នៅរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជំរុញការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។

មានប្រសាសន៍ស្វាគមន៍ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងនៅវឌ្ឍនភាពរបស់ខេត្តត្បូងឃ្មុំ ដែលបានធ្វើការអនុវត្តនៅគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» នៅតាមក្រុង-ស្រុក ក៏ដូចជានៅតាមអង្គភាពរបស់គណៈបញ្ជាការ ចំណុះឱ្យរដ្ឋបាលខេត្តផងដែរ ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ខេត្តត្បូងឃ្មុំ បានធ្វើការអនុវត្តនៅគោលនយោបាយនេះ ល្អប្រសើរ ដោយបានបង្កា្របបទល្មើសនានា និងរៀបចំពិធីផ្សេងៗដើម្បីបញ្ជ្រាបនៅការអនុវត្តនេះទៅដល់ពលរដ្ឋនៅមូលដ្ឋានផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តម កុល វីរក្ស បានកោតសរសើរនឹងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ  ព្រមទាំងបានមានប្រសាសន៍ថា គោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» គឺជាគោលនយោបាយសំខាន់មួយរបស់រាជរដ្ឋាភិបាល ដែលមានគោលបំណងធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ ដើម្បីបង្កើតបរិយាកាសសុខសាន្តឲ្យប្រជាពលរដ្ឋ។ ឯកឧត្តមបានលើកឡើងថា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំបានឈានទៅរកលទ្ធផលជាច្រើន ដូចជា ការថយចុះនៃឧក្រិដ្ឋកម្ម ការពង្រឹងវិន័យចរាចរណ៍ ការបង្កើនការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការជួយឱ្យភូមិ ឃុំ មានសន្តិសុខ និងការចូលរួមរបស់អង្គភាពពាក់ព័ន្ធទាំងអស់ ។

ជាមួយនេះ ឯកឧត្តមក៏បានផ្តល់អនុសាសន៍សំខាន់ៗ ចំពោះអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ដោយសង្កត់ធ្ងន់លើ ៣ ចំណុចគោល
១. បន្តអនុវត្តឲ្យមានប្រសិទ្ធភាព ដោយកំណត់គោលដៅច្បាស់លាស់ និងសកម្មភាពអនុវត្តតាមតំបន់ ។


២. ពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋ ដោយបង្កើតការយល់ដឹង និងភាពជាអ្នកកាន់កាប់ផ្ទាល់ក្នុងការរក្សាសុវត្ថិភាព។


៣. បង្កើនសមត្ថភាពសមត្ថកិច្ច ដោយផ្ដោតលើវិន័យ ការងាររហ័សទាន់ពេលវេលា និងការសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ។


បន្ថែមពីនេះ ឯកឧត្តមបានលើកទឹកចិត្តឲ្យគណៈកម្មការប្រជុំ និងអាជ្ញាធរមូលដ្ឋាន បន្តសហការយ៉ាងជិតស្និទ្ធ ដើម្បីធានាថា ភូមិ ឃុំ សង្កាត់ ទាំងអស់នៅខេត្តត្បូងឃ្មុំ មានសុវត្ថិភាពប្រកបដោយសុភមង្គល និងបន្តរីកចម្រើន ៕